លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីចុងសប្ដាហ៍នេះថា ក្នុងនាមជាប្រទេសមហាអំណាចធំបំផុតទាំងពីរ ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែយកចិត្តទុកដាក់ពីផលប្រយោជន៍របស់ពិភពលោកទាំងមូល ហើយចាក់បញ្ចូលភាពច្បាស់លាស់ និងថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងពិភពលោកដ៏ចលាចលនេះ។
ក្នុងជំនួបដែលគេមើលឃើញថាជាការជួបទល់មុខគ្នាចុងក្រោយរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden លោក Xi បានគូសបញ្ជាក់ក្នុងជំនួបខាងក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣១ នៅរដ្ឋធានី លីម៉ា ( Lima) ប្រទេសប៉េរូថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែបន្តរិះរកវិធីត្រឹមត្រូវសម្រាប់ប្រទេសធំៗទាំងពីរ ដើម្បីឲ្យទទួលបានភាពសុខដុមជាមួយគ្នាក៏ដូចជាការរួមរស់ដោយសន្តិភាពយូរអង្វែង ។
លោក Xi បាននិយាយថា លោករីករាយដែលបានជួបលោកប្រធានាធិបតី Biden ម្តងទៀត ហើយបាននិយាយថា ខណៈទំនាក់ទំនងចិន-អាមេរិក បានឆ្លងកាត់ព្យុះភ្លៀងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរួមគ្នារបស់ប្រធានាធិបតីទាំងពីរ ភាគីទាំងពីរបានចូលរួមក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ហើយទំនាក់ទំនងរបស់មហាអំណាចទាំងពីនៅតែរក្សាបានស្ថិរភាពទាំងស្រុង។
លោកប្រធានាធិបតីចិនបាននិយាយថា មានតែសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះដែលអាចជួយមនុស្សជាតិយកឈ្នះលើការលំបាកនាពេលបច្ចុប្បន្ន។
លោក Xi បានគូសបញ្ជាក់ពីជំនឿជាប់លាប់របស់លោកថា មិត្តភាពប្រកបដោយស្ថិរភាពរវាងចិននិងសហរដ្ឋអាមេរិក ដែលជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោក គឺមានសារៈសំខាន់មិនត្រឹមតែចំពោះផលប្រយោជន៍របស់ប្រជាជនចិន និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងចំពោះអនាគត និងជោគវាសនារបស់មនុស្សជាតិទាំងមូលផងដែរ៕
Leave a Reply