រដ្ឋមន្ត្រីសុខាភិបាលអះអាងថាតម្រូវការឈាមនៅកម្ពុជាបានកើនឡើងដល់៤០០ប្លោកក្នុង១ថ្ងៃ ភ្នំពេញ៖ ឯ.ឧ សាស្ត្រាចារ្យ ឈាងរ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថាបច្ចុប្បន្នក្នុង១ថ្ងៃកម្ពុជាមានត្រូវការឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់អ្នកជំងឺនិងជនរងគ្រោះប្រមាណ៤០០ប្លោកក្នុង១ថ្ងៃដែលទាមទារឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីភាគីពាក់ព័ន្ធនិងសប្បុរសជនឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ថ្លែងក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទ«ខួប២០ឆ្នាំនៃការបរិច្ចាគឈាមសូមអរគុណសប្បុរសជនបរិច្ចាគឈាមនៅថ្ងៃទី១៤មិថុនាឆ្នាំ២០២៤នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ឯ.ឧ រដ្ឋមន្ត្រីបានបន្តថាឆ្នាំ២០២៣កន្លងទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានទទួលអំណោយឈាមបានចំនួន១៤៣២៤៣ប្លោកកើនឡើង២៥%ច្រើនជាងឆ្នាំ២០២២។ដូចនេះក្នុង១ថ្ងៃត្រូវការឈាមប្រមាណ៤០០ប្លោកក្នុងនោះនៅរាជធានីត្រូវការប្រមាណ៦៥%ស្មើនឹង២៦០ប្លោកនិងតាមបណ្តាខេត្តត្រូវការ៣៥%ស្មើនឹង១៤០ប្លោក៕