វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង
(ភ្នំពេញ)៖ វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យ ដែលឈរលើគោលការណ៍សំខាន់ចំនួន ៤ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយ ក្នុងរយៈដ៏ខ្លីនៃការចាប់ផ្តើមតួនាទីជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា ។
មេរៀនដ៏ជោគជ័យដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ចក្នុងតំណែងជានាយករដ្ឋមន្ត្រី គឺបានដោះស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង ។
នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្ដេចបវរធិបតី បានលើកឡើងពីកត្តាគន្លឹះសំខាន់ នៃភាពជោគជ័យដែលសម្តេចបវរធិបតី បានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ ចំនួន ៤៖ ១/ ហ៊ានវះកាត់, ២/ មានយន្តការច្បាស់លាស់ក្នុងការរត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្ត, ៣/ មន្ត្រីអនុវត្តទាំងអស់ត្រូវអនុវត្តដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម និងបានជួយដល់វិស័យឯកជនក្នុងពេលមានការលំបាក និង៤/ វិស័យឯកជនត្រូវមានការចូលរួមដោយស្មោះ និងស្រុះគ្នា ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការយកចិត្តទុកដាក់ ព្រមទាំងផ្តល់នូវអានុសាសន៍សំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងវិស័យថាមពលរបស់ក្រសួងរ៉ែ និងថាមពល ដូចជា៖ ១/ ការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យការផ្គត់ផ្គង់វិស័យថាមពលមានគ្រប់គ្រាន់ និងគ្រប់ទីកន្លែង, ២/ ផ្អែកលើនិន្នាការសកល និងការកំណត់អភិក្រមសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យថាមពលបច្ចុប្បន្ន, ៣/ ទិដ្ឋភាពនៃការបង្កើនថាមពលស្អាត និងប្រសិទ្ធភាពថាមពល និង ៤/ ការផ្គត់ផ្គង់ថាមពលមួយដែលមានថ្លៃសមរម្យ ស្ថិរភាព និងសមធម៌។
ព្រមជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីប្រធានបទនៃតំបន់ត្រួតស៊ីគ្នានៃធនធានប្រេងរវាងកម្ពុជា និងថៃ (OCA) ដោយបញ្ជាក់ថាការចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញ ទៅមក, បែងចែកផលសេដ្ឋកិច្ច ដែលអាចទទួលយកបាន ជាពិសេស គឺ ការគោរពអធិបតេយ្យរបស់កម្ពុជាដែលមិនអាចខ្វះបាន។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា សូមអ្នកនយោបាយកុំយករឿងនយោបាយ មកទម្លាក់ចូលក្នុងបច្ចេកទេស ដែលមិនបានជួយអ្វីដល់កិច្ចការពារព្រំដែន ឬផលប្រយោជន៍ជាតិនោះទេ។ ករណីព្រំដែនទឹកកម្ពុជា ជាមួយថៃ គឺស្ថិតក្នុងដំណាក់កាលចរចា ដែលមិនទាន់មានការសម្រេច ឬឯកភាព ណាមួយនោះទេ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

Leave a Reply