អូស្ត្រាលី និងកម្ពុជាធ្វើការរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ព្រមទាំងជំរុញការប្រកួតប្រជែងក្នុងវិស័យកសិកម្ម


ភ្នំពេញ ៖ នៅថ្ងៃទី ១៤ មិថុនា ២០២៤នេះ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថាគ្រឿងបន្លាស់ម៉ាស៊ីនកសិកម្ម មានសារៈសំខាន់ ប៉ុន្តែវាមានតម្លៃថ្លៃ មានតម្លៃប្រហែលជា ៨០% នៃថ្លៃថែទាំគ្រឿងយន្តកសិកម្មនៅកម្ពុជា។ ទោះបីជាគ្រឿងចក្រកសិកម្មត្រូវបានលើកលែងពន្ធក្នុងប្រទេសកម្ពុជា ប៉ុន្តែគ្រឿងបន្លាស់នៅតែជាប់ពន្ធដដែល។
កត្តានេះធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវចំណាយរបស់កសិករទៅលើថ្លៃថែទាំ ក៏ដូចជារាំងស្ទះដល់ការប្រើប្រាស់បច្ចេកវិទ្យាក, សិ,កម្ម។
កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) របស់អូស្ត្រាលី ក្នុងកិច្ចសហការគ្នាជាមួយ អង្គការស្វីសខន់ថាក់ (Swisscontact Cambodia) កំពុងធ្វើការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីកំណត់គ្រឿងបន្លាស់ និងឧបករណ៍កសិកម្មសំខាន់ៗ ដែលត្រូវលើកលែងពន្ធ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីបច្ចេកទេស កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ ដោយមានតំណាងមកពីខាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល និងក្រុមហ៊ុននានាដែលនាំចូលគ្រឿងយន្តកសិកម្មបានផ្តល់មតិកែលម្អលើដំណើរការនេះ។

គំនិតផ្តួចផ្តើមនេះ អាចធ្វើឱ្យតម្លៃនៃការថែទាំគ្រឿងយន្តកសិកម្ម ថយចុះប្រមាណពី ២០ភាគរយ ទៅ ៣០ភាគរយ សម្រាប់កសិករ និងអ្នកផ្តល់សេវាកសិកម្ម ដែលជួយឱ្យគ្រឿងយន្តកសិកម្មកាន់តែមានតម្លៃសមរម្យ ព្រមទាំងជំរុញការប្រកួតប្រជែងក្នុងវិស័យកសិកម្មរបស់កម្ពុជា។
អូស្ត្រាលីរីករាយក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវបញ្ហាទាំងនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី