អ៊ីស្រាអែល និងហេសបូឡា ឯកភាពលើបទឈប់បាញ់ផ្ដួចផ្ដើមដោយអាមេរិក និងបារាំង ដែលត្រូវចូលជាធរមាននៅថ្ងៃពុធនេះ

អ៊ីស្រាអែល និងហេសបូឡា ឯកភាពលើបទឈប់បាញ់ផ្ដួចផ្ដើមដោយអាមេរិក និងបារាំង ដែលត្រូវចូលជាធរមាននៅថ្ងៃពុធនេះ
លោកប្រធានាធិបតីអាមេរិកJoe Biden បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់នឹងចូលជាធរមាននៅថ្ងៃពុធ២៧វិច្ឆិកាសប្ដាហ៍នេះ បន្ទាប់ពីភាគីទាំងពីរបានទទួលយកកិច្ចព្រមព្រៀង សម្របសម្រួលដោយអាមេរិក និងបារាំង។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពថ្ងៃអង្គារទី ២៦ខែវិច្ឆិកាថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសលីបង់ ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភណាមួយដោយក្រុមហេសបូឡា ដោយប្រកាសថាអ៊ីស្រាអែលនឹងរក្សាសេរីភាពនៃសកម្មភាពខាងយោធាពេញលេញ។
លោក Biden បាននិយាយថា កិច្ចព្រមព្រៀងបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីត្រូវបានដុតបញ្ឆេះដោយសង្រ្គាមនៅដែនដីហ្កាហ្សាកាលពីឆ្នាំមុន ត្រូវបានរៀបចំឡើងដើម្បីបញ្ឈប់ជម្លោះទាំងឡាយ។
លោក Biden ដែលបានថ្លែងសុន្ទរកថានៅសេតវិមានភ្លាមៗបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងក្នុងការបោះឆ្នោតក្នុងសំឡេងគាំទ្រ១០និង១ បាននិយាយថាលោកបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់លោក Najib Mikati ។លោកបន្តថា ការប្រយុទ្ធនឹងបញ្ចប់នៅម៉ោង៤ទៀបភ្លឺម៉ោងក្នុងស្រុក ។លោក Biden បាននិយាយថា នេះត្រូវបានរៀបចំឡើងដើម្បីបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍។អ្វីដែលនៅសេសសល់ពីក្រុមហេសបូឡា និងអង្គការភេរវជនផ្សេងទៀត នឹងមិនត្រូវបានអនុញ្ញាតឲ្យគំរាមកំហែងសន្តិសុខអ៊ីស្រាអែលទៀតទេ។
លោក Biden បាននិយាយថា អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនចេញជាបណ្តើរៗក្នុងរយៈពេល ៦០ ថ្ងៃ ខណៈកងទ័ពលីបង់ចូលកាន់កាប់ទឹកដីនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ីស្រាអែល ដើម្បីធានាថា ក្រុមហេសបូឡាមិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះ៕