បរទេស៖ កាសែត VNepxress បានចេញផ្សាយថា មហាសេដ្ឋីអចលនទ្រព្យនៅវៀតណាម លោកស្រី Truong My Lan បានប្តឹងឧទ្ធរណ៍ទៅតុលាការ ឱ្យបន្ធូរបន្ថយទោសប្រហារជីវិត និងវាយតម្លៃឡើងវិញ នូវការចោទប្រកាន់លើរូបលោកស្រី ដោយសម្តែងការសោកស្តាយ ចំពោះការចោទប្រកាន់ ពីបទកេងបន្លំនេះ។
បើតាមប្រភព ស្ត្រីអាយុ ៦៨ ឆ្នាំ ជាប្រធានក្រុមហ៊ុន Van Thinh Phat Group រូបនេះ បានធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយ ក្នុងអំឡុងពេលបណ្តឹងឧទ្ធរណ៍របស់ខ្លួន នៅឯតុលាការប្រជាជន ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ។ នៅទីនោះ លោកស្រីព្យាយាមតវ៉ាចំពោះការកាត់ទោសប្រហារជីវិត ពីបទកិបកេងប្រាក់ពីធនាគារ Saigon Commerical Bank ហៅកាត់ SCB។
នៅក្នុងពេលថ្លែង រយៈពេលជាង២០នាទី លោកស្រី Lan បានលើកឡើងដែរថា «ដោយសារតែករណីនេះ ក្តីសុបិន្ត ក្តីសង្ឃឹម និងកម្លាំងរាងកាយរបស់ខ្ញុំ និងមនុស្សរាប់សិបនាក់ នៅទីនេះបានរងផលប៉ះពាល់។ នោះគឺជាបទពិសោធន៍ដ៏អាក្រក់បំផុតសម្រាប់ខ្ញុំ»។
លោកស្រី Lan ត្រូវបានរកឃើញថា មានកំហុស ក្នុងការធ្វើឱ្យខាតបង់ ប្រាក់២៧ពាន់លានដុល្លារ ដល់ SCB ក្នុងរយៈពេល ១០ឆ្នាំ។
លោកស្រីបាននិយាយថា លោកស្រីបានលះបង់ពេលវេលាផ្ទាល់ខ្លួនជាច្រើន ដើម្បីជួយរៀបចំរចនាសម្ព័ន្ធធនាគារឡើងវិញ ដោយប្រឹងផ្តោតតែទៅលើការងារ។ លោកស្រីបានបន្ថែមថា អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលលោកស្រី និងស្វាមីបានព្យាយាមចូលរួមចំណែក ក្នុងការរីកចម្រើនរបស់ប្រទេសវៀតណាម ជាមួយនឹងការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យបុព្វលាភ។
លោកស្រី Lan បាននិយាយថា «ខ្ញុំជាជនជាប់ចោទ និងជាជនរងគ្រោះ ក្នុងករណីនេះ» ដោយបន្ថែមថា ចុងក្រោយ លោកស្រីគ្រាន់តែចង់ជួយសងបំណុលធនាគាររដ្ឋវៀតណាមប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាបានរក្សាអនុសាសន៍របស់ពួកគេដែលថា ការកាត់ទោសប្រហារជីវិតលើលោកស្រី Lan ត្រូវបានតម្កល់ ដោយនិយាយថា ឧក្រិដ្ឋកម្មរបស់លោកស្រីបានបណ្តាលឱ្យមានការខាតបង់ «មិនធ្លាប់មានពីមុនមក»៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
Leave a Reply