(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើង ការវិភាគមុខងារនៅរចនាសម្ព័ន្ធក្រសួងស្ថាប័នគឺជាដំណើរការនៃការពិនិត្យមើល ស្ថានភាពសុខភាព របស់ប្រព័ន្ធរដ្ឋបាលសារធារណៈ។ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីបង្ការទុកមុនថា ការត្រួតពិនិត្យរកមើលបញ្ហាជាន់តួនាទី ភារកិច្ចគ្នានៅតាមក្រសួងស្ថាប័ននីមួយៗ នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី មិនមែនដោយសារតែរាជរដ្ឋាភិបាលអាណត្តិមុនៗធ្វើកំណែទម្រង់មុខងារសាធារណៈខុសឡើយ។
ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញផ្តល់កិត្តិយសក្នុងសន្និសីទសារព័ត៌មានស្តីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្ថែមថា ការវិភាគមុខងារសាធារណៈ គឺបាន និងកំពុងធ្វើឡើងជាប់ជាប្រចាំ ដើម្បីធានាថាបានផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព សម្រេចបានជាប្រយោជន៍ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
ឯកឧត្ដម ហ៊ុន ម៉ានី ដែលជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ (គ.វ.រ.) លើកឡើងដូច្នេះ គឺដើម្បីបង្ការទុកមុន កុំឱ្យអ្នកនយោបាយ ឬអ្នកវិភាគមួយចំនួនលើកឡើងថា «មូលហេតុដែលរដ្ឋាភិបាលនីតិកាលទី៧ ចាប់ផ្ដើមវិភាគមុខងារសាធារណៈ គឺដោយសារតែរដ្ឋាភិបាលនីតិកាលមុន ធ្វើខុស» ឬយកករណីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដើម្បីកេងចំណេញផ្នែកនយោបាយ ។
ឯកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈក៏មិនមែនជាការងារដោយឡែករបស់ក្រសួងមុខងារសាធារណៈម្នាក់ឯងនោះដែរ គឺជាការងាររបស់ ក្រសួងស្ថាប័នទាំងអស់ គ្នារួមទាំង អង្គភាពថ្នាក់ក្រោមជាតិផងដែរ។ ការងារកែទម្រង់រដ្ឋបាលសាធារណៈដែលក្រសួងមុខងារសាធារណៈកំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែន ជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេក ទេសចាំបាច់ដើម្បីធានាដល់ស្ថាប័នកាន់ តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ក្រសួងស្ថាប័នឲ្យមានឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
Leave a Reply