បុរសចំណាស់ម្នាក់បានបើករថយន្តម៉ាក lexus ៤៧០ តាមបណ្ដោយផ្លូវទេពផនក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅបុកនិងម៉ូតូមួយគ្រឿងហើយបន្តទៅបុករះរថយន្តចំនួន០៤គ្រឿងបន្ថែមទៀត បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាលចំនួន០៤នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤៥នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវទេពផន មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននិងកាមេរ៉ាសុវត្ថិភាពផងដែរនោះបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើករថយន្តម៉ាក lexus470 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 2A-0788 ធ្វើដំណើរតាមបណ្ដោយផ្លូវទេពផន ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចគាត់ហេតុរថយន្តបានបុកទៅលើម៉ូតូមួយគ្រឿង ម៉ាក wave ពណ៌ស ពាក់ស្លាកភ្នំពេញ 1HS.5516 បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរង់របួស ហើយរថយន្តបានបន្តទៅបុករះ រទះរុញ និងរថយន្តចំនួន០៤គ្រឿងទៀត របស់ទីតាំងហាងលក់រថយន្ត ជាបន្តបន្ទាប់និងបណ្ដាលឲ្យមនុស្ស ០៣នាក់ផ្សេងទៀតរងរបួសផងដែរ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ និងកម្លាំងនគរបាលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនមនុស្សរងរបួសទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកម្ចាស់រថយន្តបង្កនិងរថយន្ត បានឃាត់បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ
Leave a Reply