បេក្ខភាពគណៈរដ្ឋមន្ត្រីរបស់ Trump រងការគំរាមដោយគ្រាប់បែក​

បរទេស ៖ ទីភ្នាក់ងារស៊ើបការណ៍អាមេរិក ហៅកាត់ FBI បានអះអាងថា បេក្ខភាពគណៈរដ្ឋមន្ត្រី ជាច្រើនរូប របស់លោក Donald Trump ប្រធានាធិបតីថ្មី និង ក្រុមមន្ត្រីសេតវិមាន ត្រូវបានកំណត់គោលដៅ ដោយការគំរាមកំហែង បំផ្ទុះគ្រាប់បែក ដល់លំនៅដ្ឋាន។

FBI បាននិយាយថា ការគម្រាមកំហែង​ដ៏បំផ្លិចបំផ្លាញ បានកើតមាន តាមរយៈការហៅទូរស័ព្ទ ក្លែងបន្លំ ទៅកាន់ប៉ូលីស ធ្វើឡើងទៅលើមនុស្ស យ៉ាងហោចណាស់ ៩នាក់ ដែលទើបត្រូវបានជ្រើសតាំង ដោយលោក Trump ឱ្យដឹកនាំ ក្រសួង ការពារលំនៅដ្ឋាន, កសិកម្ម និង ការងារ ក៏ដូចជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំអង្គការសហប្រជាជាតិ ព្រមទាំង មន្ត្រីថ្មីៗ មួយចំនួនទៀត​។

ប៉ូលីសកំពុងស៊ើបអង្កេតឧប្បត្តិហេតុទាំងនេះ ដែលទើបបានកើតឡើង នៅយប់ថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍នេះ។

លោកស្រី Karoline Leavitt អ្នកនាំពាក្យ នៃក្រុមតែងតាំងគណៈរដ្ឋមន្ត្រី របស់លោក Trump បាននិយាយថា ពិតជាមានរឿងនេះ ដែលជាការគំរាមកំហែងដល់ ជីវិត និងអ្នកដែលរស់នៅជាមួយពួកគេ​។ លោកស្រី បាននិយាយថា មន្ត្រីអនុវត្តច្បាប់បានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីធានាសុវត្ថិភាព ដល់អ្នកទាំងនោះ។

លោកស្រីបានបន្ថែមទៀតថា «មានប្រធានាធិបតី Trump ជាគំរូ ទង្វើដ៏គ្រោះថ្នាក់នៃការបំភិតបំភ័យបែបនេះ នឹងមិនអាចរារាំងយើងបាន នោះទេ»។

យ៉ាងណាមិញ ប្រភពពីមន្ត្រីអនុវត្តច្បាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោក Trump ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត ចំនួនពីរដង អំឡុងពេលយុទ្ធនាការបោះឆ្នោត ​​មិនស្ថិតក្នុងចំណោមអ្នកដែលទទួលបាន ការហៅទូរស័ព្ទគំរាម នោះទេ។

សេតវិមានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី Joe Biden ត្រូវបានគេរាយការណ៍​អំពីឧប្បត្តិហេតុនេះ ហើយបញ្ជាក់ថា សេតវិមាន​បន្តតាមដានស្ថានការណ៍នេះ យ៉ាងដិតដល់។

គួរបញ្ជាក់ថា លោក Donald Trump គ្រោងនឹងឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក ជាផ្លូវការ នៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត