ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ហ៊ុន ម៉ានី ទទួលជួបប្រតិភូសមាគម​អ្នក​និពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួល​ជួប​ប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅសាលាភូមិន្ទរដ្ឋបាលកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ក្នុង​ឱកាសគណៈប្រតិភូដែលអញ្ជើញចូលរួម ក្នុងទិវាជាតិអ្នកនិពន្ធ​លើកទី១ ឆ្នាំ២០២៤ និងការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ នៅកម្ពុជាចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប ប្រធានគណៈ​ប្រតិភូដែលជាតំណាងសមាគម​អ្នកនិពន្ធ តំណាងប្រទេសនីមួយៗ សុទ្ធតែបានបង្ហាញការសាទរ ការកោតសរសើរ រួមទាំងមោទនភាពដែលបានចូលរួមក្នុងទិវាជាតិ​អ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ប្រធាន​គណៈប្រតិភូបានកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាបាន​យកចិត្ត​ទុកដាក់ខ្ពស់លើវិស័យតែងនិពន្ធ ដែលជាការគិតគូរដ៏ប្រពៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបគណៈប្រតិភូថា “អ្នកនិពន្ធជាទូតវប្បធម៌ និងសន្តិភាព”។ សំដៅទៅលើការចូល​រួម​របស់គណៈប្រតិភូ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នេះ​ជាឱកាស ដែលប្រតិភូអាចចែករំលែកបទពិសោធន៍និងរៀន​​សូត្រ​​ពីគ្នាទៅវិញទៅមកពីភាពដូចគ្នា ,ភាពប្រហាក់​ប្រហែលគ្នា និងភាព​ខុសគ្នានៃភាសា និងវប្បធម៌ក្នុងតំបន់ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី គូសរំលេចថា “សកម្មភាពដែលយើង​ទាំង​អស់គ្នា កំពុងធ្វើនាពេលនេះជាការជំរុញទឹកចិត្តដល់អ្នកជំនាន់
ក្រោយឱ្យកាន់តែចាប់អារម្មណ៍ និងបន្តលើកកម្ពស់វិស័យតែងនិពន្ធ ដែលវិស័យនេះជាសសរស្តម្ភនៃសង្គមវប្បធម៌ ហើយរួមគ្នាបង្កើត​ស្នាដៃនានា សម្រាប់ការបណ្តុះបណ្តាល និងបញ្ជ្រាបផ្នត់គំនិតល្អៗ ក្នុងសង្គម។”

គួររម្លឹកថា សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបង្កើតឡើងនាថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៦ ដោយមានព្រះករុណាព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ទ្រង់គង់ប្រថាប់ជា​ព្រះប្រធានកិត្តិយស។ ជាបន្តបន្ទាប់សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបន្តយកចិត្តទុកដាក់ និងទំនុកបម្រុងដោយសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ មកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាត​សម្រេចឱ្យមានការប្រារព្ធ «ទិវាជាតិអ្នកនិពន្ធ» នៅថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ៕
ដោយ៖ ង៉ាន់ ទិត្យ