រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងព្រះមហាក្សត្រហ្ស៊កដានី Abdullah II បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ១២ ធ្នូ ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រទេសស៊ីរី ខណៈប្រមុខការទូតរបស់សហរដ្ឋអាមេរិករូបនេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងតំបន់ បន្ទាប់ពីការដួលរំលំរបបលោកប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងរដ្ឋធានីដាម៉ាស(Damascus)។
លោក Blinken កំពុងបំពេញទស្សនកិច្ចក្នុងទឹកដីទួរគី បន្ទាប់ពីបានអំពាវនាវឱ្យមានដំណើរការ រួមបញ្ចូលគ្នាដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់របស់ប្រទេសស៊ីរី រួមទាំងការការពារសម្រាប់ជនជាតិភាគតិច ក្រោយក្រុមឧទ្ទាមបានបញ្ចប់ការគ្រប់គ្រងរបស់លោក Assad ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Millerនិយាយថាអំឡុងជំនួបជាមួយមហាក្សត្រ Abdullahក្នុងរមណីយដ្ឋានសមុទ្រក្រហម អាកាប៉ា (Aqaba)លោក Blinken ដែលនឹងចាកចេញពីតំណែងក្នុងរយៈពេលជាងមួយខែទៀតនោះបានសន្យាពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ស្ថិរភាពនៃប្រទេសជិតខាងស៊ីរី រួមទាំងហ្ស៊កដានី ក្នុងអំឡុងពេលនៃការផ្ទេរអំណាចនេះ ។
លោក Miller បាននិយាយថា លោក Blinken បានអំពាវនាវឲ្យមានអន្តរកាលរួមមួយដែលអាចនាំឲ្យមានការទទួលខុសត្រូវនិងតំណាងរដ្ឋាភិបាលស៊ីរីដែលត្រូវបានជ្រើសរើសដោយប្រជាជនស៊ីរី។
លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងធានាថាស៊ីរីមិនត្រូវបានប្រើជាមូលដ្ឋានសម្រាប់ភេរវកម្ម និងមិនបង្កការគំរាមកំហែងដល់ប្រទេសជិតខាងរបស់ខ្លួនឡើយ។
ទាំងនេះគឺជាកង្វល់សំខាន់ៗ ទាំងសម្រាប់ទួរគី ដែលអន់ចិត្តចំពោះសម្ព័ន្ធភាពយោធាអាមេរិកជាមួយជនជាតិឃឺដស៊ីរី និងអ៊ីស្រាអែល ដែលបានវាយប្រហារតាមអាកាសរាប់រយលើកលើប្រទេសស៊ីរី ចាប់តាំងពីការដួលរលំរបស់លោក Assad៕
Leave a Reply