បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បាននិយាយថា លោកសន្យាថា នឹងនិយាយទៅកាន់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ដើម្បីបញ្ចប់ «ការសម្លាប់រង្គាល» ក្នុងសង្រ្គាម ដែលបានអូសបន្លាយ ជិតបីឆ្នាំ មកនេះ។
មុនពេលចូលទៅគ្រប់គ្រងសេតវិមាន ឡើងវិញ នៅខែមករា ខាងមុខនេះ លោក Donald Trump បានថ្លែងចេញពីរមណីយដ្ឋាន Mar-a-Lago របស់ខ្លួន ដែលស្ថិតក្នុងរដ្ឋផ្លរីដា ថា «យើងនឹងនិយាយជាមួយប្រធានាធិបតី Putin ហើយយើងនឹងនិយាយជាមួយ Zelensky និងក្រុមអ្នកតំណាង មកពីអ៊ុយក្រែនទាំងអស់» ។ លោកបានបន្ថែមទៀតថា «យើងត្រូវតែបញ្ឈប់សង្គ្រាមនេះ វាជាការសម្លាប់រង្គាល»។
ជាការកត់សម្គាល់ លោក Trump តែងតែបានរិះគន់យ៉ាងខ្លាំង ចំពោះជំនួយរាប់ពាន់លានដុល្លារ ដែលរដ្ឋបាលរបស់លោក Joe Biden ផ្តល់ដល់ទីក្រុង Kyiv ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។ លោកTrump ធ្លាប់អះអាងថា អ៊ុយក្រែនត្រូវបង្ខំឱ្យធ្វើសម្បទានទឹកដី ជាថ្នូរនឹងសន្តិភាព។
លោក Trump បានអះអាង ម្តងហើយម្តងទៀតថា លោកអាចបញ្ចប់ជម្លោះបានយ៉ាងឆាប់រហ័ស ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបណានោះទេ។ ការអត្ថាធិប្បាយរបស់លោក កាលពីថ្ងៃចន្ទ បានកើតមានឡើង បន្ទាប់ពីលោកបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅដើមខែនេះ ហើយបាននិយាយថា «ការចរចាគួរតែចាប់ផ្តើម»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
Leave a Reply