ចៅក្រម បាននិយាយកាលពីថ្ងៃសុក្រ ទី៣ ខែធ្នូ ថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងត្រូវកំណត់ការជាប់ទោសនៅថ្ងៃទី១០ ខែមករា ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលលោកត្រូវបានកាត់ឲ្យជាប់ទោសលើបទចោទប្រកាន់ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិទមាត់ទៅឱ្យតារាភាពយន្តអាសអាភាសម្នាក់ ប៉ុន្តែទំនងជាពុំប្រឈមនឹងការជាប់ពន្ធនាគារ នោះទេ។
សេចក្តីសម្រេចរបស់ចៅក្រម លោក Juan Merchan មានន័យថា លោក Trump នឹងត្រូវបានតម្រូវឱ្យបង្ហាញខ្លួននៅក្នុងសវនាការរបស់តុលាការរយៈពេល១០ថ្ងៃ មុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ជាចំហាកមួយដែលពុំធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។
ចៅក្រម បាននិយាយថា លោក Trump ដែលមានអាយុ៧៨ ឆ្នាំ អាចបង្ហាញខ្លួននៅក្នុងការកំណត់ជាប់ទោសរបស់លោកទាំងចូលរួមដោយផ្ទាល់ ឬតាមរយៈបណ្តាញអ៊ីនធឺណិតក៏បាន។ លោកបាននិយាយថា លោកពុំមានទំនោរក្នុងការកំណត់ការជាប់ទោសដែលលោក Trump នឹងជាប់ពន្ធនាគារនោះទេ ហើយការកំណត់ទោសនៃ «ការដោះលែងដោយគ្មានលក្ខខណ្ឌ» មានន័យថា គ្មានការឃុំខ្លួន ការផាកពិន័យជាប្រាក់ ឬការព្យួរទោស គឺជា «ដំណោះស្រាយដែលអាចបត់បែនបាន»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់លោក Trump គឺលោក Steven Cheung បាននិយាយថា ពុំគួរមានការកំណត់ទោសក្នុងសំណុំរឿងនេះទេ។ «ករណីគ្មានច្បាប់នេះ ពុំគួរត្រូវបានលើកយកមកឡើយ ហើយរដ្ឋធម្មនុញ្ញទាមទារឲ្យដកចេញជាបន្ទាន់»។
លោក Merchan បានប្រកាសពីផែនការរបស់លោកសម្រាប់ការកំណត់ទោសក្នុងការបដិសេធចំពោះសំណើររបស់លោក Trump ដើម្បីច្រានចោលករណីនេះ ដោយសារតែជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់លោក។
Leave a Reply