ប្រធានាធិបតីដែលរងការចោទប្រកាន់របស់កូរ៉េខាងត្បូង បំពានដីកា បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាច្រើនម៉ោង

ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសកូរ៉េខាងត្បូង បានចាកចេញពីលំនៅឋានផ្លូវការរបស់ប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk Yeol បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជិត៦ម៉ោងកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដែលលោកបានប្រឆាំងនឹងការប៉ុនប៉ងរបស់ពួកគេដើម្បីចាប់ខ្លួន លោក។ វាជាការប្រឈមមុខដាក់គ្នាចុងក្រោយ នៅក្នុងវិបត្តិនយោបាយ ដែលបានធ្វើឱ្យនយោបាយប្រទេសកូរ៉េខាងត្បូងជាប់គាំង ហើយត្ររូវបានគេមើលឃើញថា ប្រមុខរដ្ឋពីររូប ត្រូវបានរងការចោទប្រកាន់ ក្នុងរយៈពេលតិចជាងមួយខែ។

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេស បាននិយាយថា ទីភ្នាក់ងារ បានដកអ្នកស៊ើបអង្កេតរបស់ខ្លួនចេញ បន្ទាប់ពីអង្គភាពសេវាសន្តិសុខប្រធានាធិបតី បានរារាំងពួកគេមិនឱ្យចូលទៅក្នុងលំនៅឋានរបស់ លោក Yoon រយៈពេលជាច្រើនម៉ោង ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។ ទីភ្នាក់ងារនេះបាននិយាយថា អ្នកស៊ើបអង្កេតដែលមានចំនួនច្រើន បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខប្រធានាធិបតី និងបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់ជនសង្ស័យ ដែលមិនគោរពតាមនីតិវិធីច្បាប់។

ទីភ្នាក់ងារនិយាយថា ការចាប់ខ្លួន លោក Yoon តាមជាក់ស្តែងនឹង «ពុំអាចទៅរួចទេ» ដរាបណាលោកត្រូវបានការពារដោយអង្គភាពសេវាសន្តិសុខប្រធានាធិបតី។ ទីភ្នាក់ងារនេះ មានផែនការ «ទាមទារយ៉ាងខ្លាំង» ឱ្យមេដឹកនាំស្តីទីរបស់ប្រទេស គឺឧបនាយករដ្ឋមន្ត្រី លោក ឈែ សាងម៉ុក (Choi Sang-mok) ណែនាំដល់អង្គភាពនេះ ឱ្យគោរពតាមការអនុវត្តដីកាឃុំខ្លួនរបស់ពួកគេ។

នៅខាងក្រៅលំនៅឋាន ក្រុមបាតុករគាំទ្រ លោក Yoon មួយក្រុមធំ បានទប់ទល់នឹងសីតុណ្ហភាពត្រជាក់អស់ជាច្រើនម៉ោង ដោយគ្រវីទង់ជាតិកូរ៉េខាងត្បូង និងអាមេរិក ខណៈស្រែកពាក្យស្លោកប្តេជ្ញា ការពារលោក Yoon។

ទីភ្នាក់ងារនគរបាលជាតិ និយាយថា ខ្លួនមានផែនការស៊ើបអង្កេតប្រធាន និងអនុប្រធាននៃអង្គភាពសេវាសន្តិសុខប្រធានាធិបតី លើបទសង្ស័យថាបានរារាំងកាតព្វកិច្ចផ្លូវការ និងបានកោះហៅពួកគេមកសាកសួរនៅថ្ងៃសៅរ៍នេះ។