ប្រភព៖ មេទ័ពលីបង់ កំពុងខិតទៅរកតំណែងប្រធានាធិបតី ស្របពេលក្រុមហេសបូឡា ចុះខ្សោយ

ប្រភពនយោបាយជាន់ខ្ពស់ចំនួនបីបាននិយាយថា សភារបស់ប្រទេសលីបង់ អាចនឹងបោះឆ្នោតជ្រើសរើសលោកមេទ័ព Joseph Aoun ជាប្រមុខរដ្ឋនៅថ្ងៃព្រហស្បតិ៍ (០៩ មករា) នេះ ដោយបញ្ចប់ភាពទំនេរនៃតំណែងប្រធានាធិបតី ដែលបានបន្តចាប់តាំងពីឆ្នាំ២០២២ មក និងបង្ហាញពីការចុះខ្សោយនៃចលនាហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

តំណែងប្រធានាធិបតី ដែលត្រូវបានបម្រុងទុកសម្រាប់អ្នកកាន់សាសនាគ្រិស្ត ម៉ារ៉ូណៃ (Maronite Christian) នៅក្នុងប្រព័ន្ធចែករំលែកអំណាចនិកាយរបស់ប្រទេសនេះ ត្រូវបានទំនេរចោល ចាប់តាំងពីអាណត្តិរបស់លោក Michel Aoun បានបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២២ មក។ ពុំមានក្រុមណាមួយនៅក្នុងសភា ១២៨អាសនៈនេះ មានសំឡេងគ្រប់គ្រាន់សម្រាប់កំណត់ជម្រើសរបស់ពួកគេទេ ហើយរហូតមកដល់ពេលនេះ ពួកគេក៏មិនទាន់អាចយល់ស្របលើបេក្ខជនណាម្នាក់ដែរ។

សន្ទុះគាំទ្របានបង្កើតឡើងនៅពីក្រោយបេក្ខភាពរបស់ប្រមុខទ័ព លោក Joseph Aoun កាលពីថ្ងៃពុធ ខណៈអ្នកដែលក្រុមហេសបូឡាពេញចិត្តគឺលោក Suleiman Frangieh បានដកបេក្ខភាពរបស់ខ្លួន ហើយប្រកាសគាំទ្រចំពោះមេបញ្ជាការយោធារូបនេះ រួមជាមួយនឹងសមាជិកសភាជាច្រើនផ្សេងទៀត។

ខណៈដែលក្រុមហេសបូឡាភាគច្រើន និងសម្ព័ន្ធមិត្តនិកាយស៊ីអ៊ីតរបស់ខ្លួន បានសម្តែងការឯកភាពជាយូរមកហើយលើបេក្ខភាពរបស់លោក Aoun និងស្របពេលដែលលោក Frangieh ដកខ្លួន ប្រភពទាំងបីបាននិយាយថា សមាជិកសភាស៊ីអ៊ីត មានអាសនៈ ៨៦សំឡេង ដែលត្រូវការគ្រប់គ្រាន់ដើម្បីបោះឆ្នោតជ្រើសរើសប្រមុខទ័ពលីបង់រូបនោះជាប្រធានាធិបតីថ្មី៕