យោធាអ៊ីស្រាអែល បានដាក់ការរឹតបន្តឹងថ្មីលើការគ្របដណ្ដប់របស់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ទាហានក្នុងកាតព្វកិច្ចប្រយុទ្ធយ៉ាងសកម្ម ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះហានិភ័យនៃចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងទ័ពបម្រុងដែលធ្វើដំណើរទៅក្រៅប្រទេស ជុំវិញការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ហ្កាហ្សា។
ជំហាននេះបានកើតឡើងបន្ទាប់ពីទ័ពបម្រុងអ៊ីស្រាអែលម្នាក់ ដែលទៅដើរលេងវិស្សមកាលនៅប្រេស៊ីល បានចាកចេញពីប្រទេសនោះភ្លាមៗ នៅពេលដែលចៅក្រមប្រេស៊ីលបានបញ្ជាឱ្យនគរបាលសហព័ន្ធបើកការស៊ើបអង្កេត បន្ទាប់ពីមានការចោទប្រកាន់ពីក្រុមគាំទ្រប៉ាឡេស្ទីនថា ទាហានរូបនោះបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ពេលកំពុងបម្រើការនៅតំបន់ហ្កាហ្សា។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយថា នៅក្រោមច្បាប់ថ្មីនេះ ប្រព័ន្ធផ្សព្វផ្សាយដែលសម្ភាសន៍ទាហានមានឋានៈវរសេនីយ៍ឯក និងក្រោមនោះ នឹងមិនអាចបង្ហាញឈ្មោះពេញ ឬមុខមាត់របស់ពួកគេបានទេ ស្រដៀងនឹងច្បាប់ដែលមានស្រាប់សម្រាប់អាកាសយានិក និងសមាជិកនៃកងកម្លាំងពិសេស។
ជាមួយគ្នានេះ អ្នកសម្ភាសន៍ក៏មិនត្រូវផ្សារភ្ជាប់ព្រឹត្តិការណ៍ប្រយុទ្ធជាក់លាក់ណាមួយដែលពួកគេចូលរួមនោះដែរ រួមទាំងការរឹតបន្តឹងជាច្រើនទៀត។ គួររម្លឹកថា កាលពីឆ្នាំមុន តុលាការសព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាចាប់ខ្លួន ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ព្រមទាំងមេដឹកនាំក្រុមហាម៉ាស ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលធ្វើឱ្យអ៊ីស្រាអែល ខឹងសម្បារយ៉ាងខ្លាំង៕
Leave a Reply