មេធាវី៖ លោក Yoon នឹងទទួលយកការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ទោះត្រូវបញ្ចប់តំណែងក៏ដោយ

មេធាវីរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ មករា) ថា លោក Yoon នឹងទទួលយកសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលកំពុងជំនុំជម្រះបណ្ដឹងចោទប្រកាន់របស់សភាប្រឆាំងនឹងរូបលោក បើទោះបីជាការសម្រេចនោះជាការដកតំណែងមេដឹកនាំដែលត្រូវបានផ្អាកពីតួនាទីរូបនេះក៏ដោយ។

លោក Yoon Kab-keun មេធាវីរបស់ Yoon បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើការសម្រេចចិត្តនោះគឺ ‘ការដកតំណែង’ យើងមានតែត្រូវទទួលយកប៉ុណ្ណោះ”។ សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការ ដែលជាមួយក្នុងចំណោមតុលាការជាន់ខ្ពស់ទាំងពីរនៅក្នុងប្រទេស រួមជាមួយនឹងតុលាការកំពូល មិនអាចប្តឹងឧទ្ធរណ៍បានទេ។

នៅមុននោះ លោក Yoon បានព្រងើយកន្តើយចំពោះសំណើរបស់តុលាការធម្មនុញ្ញក្នុងការបញ្ជូនសេចក្តីសង្ខេបផ្លូវច្បាប់ មុនពេលតុលាការចាប់ផ្តើមសវនាការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែមេធាវីរបស់លោកនិយាយថា លោក Yoon ស្ម័គ្រចិត្តបង្ហាញខ្លួនដោយផ្ទាល់ដើម្បីជជែកតវ៉ារឿងក្តីរបស់លោក។

ប្រធានាធិបតីដែលប្រឈមដីកាចាប់ខ្លួនលើកទីពីររូបនេះ បានជំទាស់នឹងការកោះហៅម្តងហើយម្តងទៀតនៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌដាច់ដោយឡែកមួយ ចំពោះការចោទប្រកាន់ថាលោកបង្កើតចលនាបះបោរ ជាមួយនឹងក្រឹត្យច្បាប់អាជ្ញាសឹកនៅថ្ងៃទី០៣ ខែធ្នូ របស់លោក ដែលនាំឱ្យមានដីកាចាប់ខ្លួនលើកដំបូងបំផុតដែលចេញសម្រាប់ប្រធានាធិបតីកំពុងកាន់តំណែងរបស់កូរ៉េខាងត្បូង៕