ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យ (១២ មករា) ថា ទីក្រុងគីវ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនទាហានកូរ៉េខាងជើង ទៅឱ្យមេដឹកនាំរបស់ពួកគេគឺលោក គីម ជុងអ៊ុន វិញ ប្រសិនបើលោកអាចសម្របសម្រួលការដោះដូរអ្នកទាំងនោះជាមួយទាហានអ៊ុយក្រែន ដែលជាប់ជាឈ្លើយសឹកនៅប្រទេសរុស្ស៊ី។
លោក Zelenskiy បានបន្ថែមនៅលើបណ្ដាញសង្គម X ថា “បន្ថែមពីលើទាហានកូរ៉េខាងជើងដែលត្រូវចាប់បានដំបូង យើងប្រាកដណាស់ថានឹងអាចនៅមានច្រើនទៀត គ្រាន់តែត្រូវចំណាយពេលបន្តិចប៉ុណ្ណោះ មុនពេលកងទ័ពអ៊ុយក្រែន អាចចាប់បានអ្នកផ្សេងទៀត”។
មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងគីវ ចាប់បានជនជាតិកូរ៉េខាងជើងពីរនាក់នៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយជាលើកដំបូងហើយដែលអ៊ុយក្រែនបានប្រកាសពីការចាប់ខ្លួនទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេចូលរួមទៅក្នុងសង្រ្គាមជិត ៣ឆ្នាំកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនមក។
ការវាយតម្លៃរបស់អ៊ុយក្រែន និងលោកខាងលិច បង្ហាញថា ទាហានប្រហែល ១១.០០០នាក់ មកពីសម្ព័ន្ធមិត្តកូរ៉េខាងជើងរបស់រុស្ស៊ីត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Kursk ដើម្បីគាំទ្រដល់កងកម្លាំងរបស់ទីក្រុងមូស្គូ។ រុស្ស៊ីមិនបានបញ្ជាក់ ឬបដិសេធអ្វីឡើយពីវត្តមានរបស់ពួកគេនៅក្នុងទឹកដីរបស់ខ្លួន៕
Leave a Reply