ចំនួនអាជីវកម្មចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កើនដល់ជាង ៤ ម៉ឺន ក្រុមហ៊ុន/សហគ្រាស និងមានដើមទុនចុះបញ្ជីសរុបជាង ១៥ ប៊ីលានដុល្លារ
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ ចំនួនក្រុមហ៊ុន/សហគ្រាស បានចុះបញ្ជីអាជីវកម្មតាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន (Single Portal) កើនដល់ ៤២,៣២៥ ក្រុមហ៊ុន/សហគ្រាស ជាមួយដើមទុនចុះបញ្ជីមានចំនួនសរុប ៦៤ ទ្រីលានរៀល ស្មើនឹង ១៥.៦ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ អាជីវកម្មបានចុះបញ្ជីដោយជនជាតិចិន បានឈរនៅលំដាប់រលេខរៀងទី១ ក្នុងចំណោមអាជីវកម្មគ្រប់គ្រងដោយជនបរទេស។
គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ចំនួនក្រុមហ៊ុន/សហគ្រាស បានចុះបញ្ជីអាជីវកម្មតាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន (Single Portal) កើនដល់ ៤២,៣២៥ ក្រុមហ៊ុនសហគ្រាស ជាមួយដើមទុនចុះបញ្ជីមានចំនួនសរុប ៦៤ ទ្រីលានរៀល ស្មើនឹង ១៥.៦ប៊ីលានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យដែលផ្តល់ដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។
សម្រាប់ឆ្នាំ២០២៤ ក្រុមហ៊ុន/សហគ្រាសគ្រប់គ្រងដោយជនជាតិចិនបានឈរនៅលំដាប់ទី១ បានចុះបញ្ជីអាជីវកម្មនៅកម្ពុជា មានចំនួនជិត៣ ក្រុមហ៊ុន/សហគ្រាស ដែលស្ថិតក្នុងចំណោមអាជីវកម្មគ្រប់គ្រងដោយជនបរទេសនៅកម្ពុជា។
ទិន្នន័យចុះបញ្ជីអាជីវកម្មតាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលវិទ្យុបាយ័នទទួលបាន បង្ហាញថា ក្នុងឆ្នាំ២០២៤ មានក្រុមហ៊ុន/សហគ្រាស បានចុះបញ្ជីអាជីវកម្មគឺមានចំនួនត្រឹម ១០,០០២ ក្រុមហ៊ុន/សហគ្រាស ប៉ុណ្ណោះ ពោលគឺ ធ្លាកចុះប្រមាណ ១៤ % បើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែចំនួននេះ ប្រហាក់ប្រហែលនឹងឆ្នាំ២០២២។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាគម្ពុជា បានកត់សម្គាល់ថា ការធ្លាកចុះចំនួនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មនៅកម្ពុជានាពេលគឺពុំមានអ្វីប្លែកនោះទេ ព្រោះសូម្បីបណ្តាប្រទេសក្នុងតំបន់អាស៊ានក៏ជួបប្រទះបញ្ហាប្រឈមដូចកម្ពុជាដែរ នៃឥទ្ធពលពី ភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋសាកល,ភាពតាន់តឹងភូមិសាស្រ្តនយោបាយ សង្រ្គាមនៅបជ្ឈឹមបូព៌ា និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាដើម។
ទោះបីជាយ៉ាងណា គេសង្កេតឃើញថា អាជីវកម្មគ្រប់គ្រងដោយជនជាតិចិន បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាកើនដល់ជិត ៣,០០០ សហគ្រាស គឺឈរនៅលំដាប់ទី១ សម្រាប់ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
ក្រុមហ៊ុន/សហគ្រាស ចិន បានចុះបញ្ជីអាជីវកម្មជាមួយក្រសួងពាណិជ្ជកម្មនៅកម្ពុជាចំនួន ២,៩២១ កើនឡើង ២០,៦៥% ខណៈក្រុមហ៊ុន/សហគ្រាស គ្រប់គ្រងដោយជនជាតិជប៉ុន បានចុះបញ្ជីមានចំនួន ៨៨ កើនឡើង ២០,៥៥% បើធៀបនឹងឆ្នាំ២០២៣។
ដោយឡែក ក្រុមហ៊ុន/សហគ្រាស គ្រប់គ្រងដោយជនជាតិថៃ បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាចំនួន ៧៤ និងក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិអូស្ត្រាលី បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាចំនួន ១៩ ក្រុមហ៊ុន/សហគ្រាស។
ទិន្នន័យដដែលនេះ បានបង្ហាញទៀតថា ក្នុងចំណោមក្រុមហ៊ុន/សហគ្រាសចុះបញ្ជី ៤២,៣២៥ គឺ ក្នុងនោះ មានអាជីវកម្ម កំពូលទាំង ៥ ដែលមានដើមទុនចុះបញ្ជីច្រើនជាងគេបំផុតប្រចាំ២០២៤ ស្មើនឹងប្រមាណ ២៥ប៊ីលានរៀល ស្មើនឹង ៦ប៊ីលានដុល្លារអាមេរិក ដែលអាជីវកម្មទាំង ៥ នេះ បានចូលរួមចំណែកដើមទុនចុះបញ្ជីប្រមាណ ៣៤.៣% នៃដើមទុនចុះបញ្ជីសរុប។
អាជីវកម្មឈរនៅលំដាប់ទី១ គឺការដាំដុះដំណាំអាយុកាលខ្លី មានចំណែកដើមទុនចុះបញ្ជី ៩.៦%នៃដើមទុនចុះបញ្ជីសរុប។ តាមពីក្រោយដោយ កម្មន្តសាល (ពាក់ព័ន្ធអាជីវកម្ម ដែកមូលដ្ឋាននិងដែកថែប) មានចំណែកដើមទុនចុះបញ្ជី ៩,២%។ អាជីវកម្មពាក់ព័ន្ធនឹងសកម្មភាពសេវាកម្មស្នាក់នៅ ចូលួមចំណែកដើមទុនចុះបញ្ជីប្រមាណ ៧.៦% នៃដើមទុនចុះបញ្ជីសរុប។
អាជីវកម្មឈរនៅលំដាប់ទី៤ គឺការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី ដែលមានចំណែកដើមទុនចុះបញ្ជីប្រមាណ៤.២% និងអាជីវកម្មឈរនៅលំដាប់ទី៤ ពាក់ព័ន្ធនឹងសកម្មភាពអចលនទ្រព្យ ដោយប្រើអចនលទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ(ចំណែកដើមទុនចុះបញ្ជី៣.៧%)៕

Leave a Reply