ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលបីនាក់ត្រូវបានជួបជុំគ្នាឡើងវិញជាមួយម្តាយរបស់ពួកគេ ទន្ទឹមនឹងជនជាតិប៉ាឡេស្ទីន៩០នាក់បានត្រឡប់ទៅទឹកដីរបស់ពួកគេវិញកាលពីថ្ងៃអាទិត្យ១៩ មករា ស្របពេលការចាប់ផ្តើមបទឈប់បាញ់ផ្អាកសង្រ្គាមដែលបានអូសបន្លាយរយៈពេល ១៥ខែ បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងបណ្ដាលឲ្យមានភាពតានតឹងខ្លាំងស្ទើរផ្ទុះជាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។
នៅទីក្រុង Tel Aviv ប្រជាជនអ៊ីស្រាអែល រាប់រយនាក់បានអបអរសាទរផងយំផងនៅក្នុងទីលានចតុរង្គមួយខាងក្រៅទីស្នាក់ការក្រសួងការពារជាតិ ខណៈការផ្សាយផ្ទាល់ពីតំបន់ហ្កាហ្សាបង្ហាញពីចំណាប់ខ្មាំងបីនាក់បានចូលទៅក្នុងរថយន្តកាកបាទក្រហមដែលឡោមព័ទ្ធដោយក្រុមយុទ្ធជនហាម៉ាស។
យោធាអ៊ីស្រាអែលបាននិយាយថា ចំណាប់ថ្នូរជាស្ត្រីឈ្មោះ Romi Gonen ឈ្មោះ Doron Steinbrecher និងឈ្មោះ Emily Damari បានជួបជុំគ្នាជាមួយម្តាយរបស់ពួកគេ ហើយបានចេញវីដេអូមួយដែលបង្ហាញថាពួកគេមានសុខភាពល្អ។ ស្ត្រីឈ្មោះ Damari ដែលបានបាត់បង់ម្រាមដៃពីរនៅពេលត្រូវបានគេបាញ់នៅថ្ងៃដែលរូបគេត្រូវបានចាប់ពង្រត់នោះ បានញញឹម និងឱបម្តាយរបស់នាង ខណៈដៃរុំបង់របួស។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រាប់មេបញ្ជាការតាមទូរស័ព្ទថា ខ្ញុំចង់ឱ្យអ្នកប្រាប់អ្នកទាំង៣ថា ប្រជាជាតិទាំងមូលតែងតែនៅជាមួយអ្នកជានិច្ច។ សូមស្វាគមន៍ការវិលត្រឡប់មកកាន់ផ្ទះវិញ។មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បាននិយាយថា ស្ត្រីទាំងបីនាក់ស្ថិតក្នុងស្ថានភាពធម្មតា។ អ៊ីស្រាអែលបាននិយាយថា ពួកគេស្ថិតក្នុងចំណោមមនុស្សជាង២៥០នាក់ ដែលត្រូវបានចាប់ពង្រត់ និង១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ៕
Leave a Reply