យោធាអាមេរិកត្រៀមបញ្ជូនទាហានបន្ថែម ១.៥០០នាក់ទៅព្រំដែនដើម្បីទប់លំហូរជនអន្តោប្រវេសន៍ក្រោមបញ្ជាលោក Trump

សេតវិមានបាននិយាយកាលពីថ្ងៃពុធ ២២ មករាសប្ដាហ៍នេះថា យោធាអាមេរិកនឹងបញ្ជូនទាហានសកម្មចំនួន១.៥០០នាក់បន្ថែមទៀតទៅកាន់ព្រំដែនជាមួយម៉ិកស៊ិក ត្រឹមតែពីរថ្ងៃបន្ទាប់ពីប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើក្រឹត្យស្តីពីការធ្វើអន្តោប្រវេសន៍។

កងទ័ពបន្ថែមនឹងចូលរួមជាមួយទាហានសកម្មប្រហែល ២.២០០នាក់ និងទាហានឆ្មាំជាតិរាប់ពាន់នាក់រួចទៅហើយនៅតាមព្រំដែន។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក លោក Trump មកពីគណបក្សសាធារណរដ្ឋ បានបញ្ជាឱ្យទាហានចំនួន ៥.២០០នាក់ជួយធានាព្រំដែនជាមួយម៉ិកស៊ិក។ អតីតប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ក៏បានដាក់ពង្រាយទាហានសកម្មទៅព្រំដែនផងដែរ។

អ្នកនាំពាក្យសេតវិមានលោកស្រី ការ៉ូលីន លីវីត (Karoline Leavitt) បានប្រាប់អ្នកសារព័ត៌មានថា វិធានការនេះកើតឡើងពីសកម្មភាពមួយថ្ងៃរបស់លោកTrump ក្នុងការណែនាំក្រសួងការពារជាតិដើម្បីពង្រឹងសន្តិសុខមាតុភូមិដែលជាបេសកកម្មស្នូលរបស់ទីភ្នាក់ងារនេះ ។

ក្រុមមន្ត្រីបាននិយាយថា យន្តហោះយោធាអាមេរិក ក៏អាចប្រើប្រាស់ដើម្បីនិរទេសជនអន្តោប្រវេសន៍ផងដែរ ប៉ុន្តែមិនទាន់ត្រូវបានអនុម័តនៅឡើយទេ៕