ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រឡប់ទៅតំបន់ហ្កាហ្សាភាគខាងជើងវិញ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងចំណាប់ខ្មាំង

ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវសំខាន់ៗឆ្ពោះទៅភាគខាងជើងក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយបង្ហាញភាពរីករាយចំពោះការត្រលប់ទៅវិញ បន្ទាប់ពីការរស់នៅក្នុងជំរកបណ្តោះអាសន្នជាច្រើនខែ ប៉ុន្តែមានការភ័យខ្លាចចំពោះអ្វីដែលអាចនៅសេសសល់នៅតាមផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែក។

ការត្រឡប់ទៅជម្រកវិញរបស់ពួកគេ ដែលត្រូវបានពន្យារពេលកាលពីចុងសប្តាហ៍មុន បានដំណើរការបន្ទាប់ពីក្រុមហាម៉ាស បានយល់ព្រមប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់កាលពីចុងសប្តាហ៍នេះ ហើយកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមដកខ្លួនចេញពីច្រករបៀងដ៏សំខាន់មួយនៅទូទាំងតំបន់ឡោមព័ទ្ធ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល១៥ខែ។

នៅតាមដងផ្លូវដែលរត់កាត់ច្រាំងសមុទ្រមេឌីទែរ៉ាណេនៃតំបន់ហ្កាហ្សា ហ្វូងមនុស្សមួយចំនួន ដែលបានបីកូនតូច និងលីរបស់របរនៅលើស្មារបស់ពួកគេ បានដើរដោយថ្មើរជើងវិលត្រឡប់ទៅរកផ្ទះសម្បែងរបស់ពួកគេវិញ។

អ្នកឃើញហេតុការណ៍បាននិយាយថា ក្រុមអ្នកស្រុកដំបូងបានទៅដល់ទីក្រុងហ្កាហ្សា នៅព្រឹកព្រលឹម ថ្ងៃចន្ទ បន្ទាប់ពីចំណុចឆ្លងកាត់ទីមួយនៅកណ្តាលដែនដីហ្កាហ្សាបានបើកនៅម៉ោង ៧:០០ ព្រឹក ម៉ោងក្នុងស្រុក ។ ផ្លូវកាត់មួយទៀតបានបើកប្រហែលបីម៉ោងក្រោយមក ដើម្បីអនុញ្ញាតឲ្យរថយន្តឆ្លងកាត់បាន។

ដោយត្រូវបានជម្លៀសម្តងហើយម្តងទៀតក្នុងរយៈពេល ១៥ ខែនៃសង្រ្គាម សកម្មភាពអបអរសាទរបានផ្ទុះឡើងនៅតាមទីជម្រក និងជំរំតង់ផ្សេងៗ នៅពេលក្រុមគ្រួសារបានឮដំណឹងថាផ្លូវឆ្លងកាត់ត្រូវបានបើក៕