ក្រុមឧទ្ទាមគាំទ្រដោយរ្វ៉ាន់ដា សម្រុកចូលទៅក្រុង Goma របស់កុងហ្គោ ក្នុងការបង្កើនជម្លោះដ៏ធំ

ក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បានដើរដង្ហែក្បួនសម្រុកទៅកាន់ទីក្រុង Goma ភាគខាងកើតនៃប្រទេសកុងហ្គោ កាលពីថ្ងៃចន្ទ (២៧ មករា) ហើយអង្គការសហប្រជាជាតិនិយាយថា ក្រុមឧទ្ទាមនោះត្រូវបានគាំទ្រដោយយ៉ាងហោចណាស់ទាហានរ្វ៉ាន់ដាធម្មតាមួយចំនួន ខណៈមានការប្រយុទ្ធគ្នាពាសពេញទីក្រុង នៅក្នុងបង្កើនភាពតានតឹងដ៏អាក្រក់បំផុតនៃជម្លោះដ៏រ៉ាំរ៉ៃអស់រយៈពេលជាងមួយទសវត្សរ៍មកនេះ។

សម្ព័ន្ធឧទ្ទាមពាក់ព័ន្ធនឹងកងជីវពល M23 ដឹកនាំដោយក្រុមជនជាតិភាគតិចទូស៊ី បាននិយាយថា ខ្លួនដណ្តើមយកទីក្រុងមាត់បឹងដែលមានប្រជាជនជាង ២លាននាក់មួយនេះ និងដែលជាមជ្ឈមណ្ឌលសម្រាប់ជនភៀសខ្លួន និងក្រុមជំនួយស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសរ្វ៉ាន់ដា ហើយត្រូវកាន់កាប់លើកចុងក្រោយដោយក្រុម M23 ក្នុងឆ្នាំ២០១២។

មេដឹកនាំនៃសម្ព័ន្ធទន្លេកុងហ្គោ ដែលរួមមានក្រុម M23 បានអះអាងថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទីក្រុងនេះ ប៉ុន្តែកាលពីល្ងាចថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក Muhindo Nzangi បាននិយាយថា កងទ័ពកុងហ្គោបានគ្រប់គ្រង ៨០% នៃទីក្រុង Goma ដោយកងទ័ពរ្វ៉ាន់ដា ដកទៅជាយក្រុង ឬត្រឡប់ទៅវិញឆ្លងកាត់ព្រំដែន។

កុងហ្គោបានចោទរ្វ៉ាន់ដា ពីការបញ្ជូនកងទ័ពចូលទៅក្នុងទឹកដីរបស់ខ្លួន ខណៈរ្វ៉ាន់ដា បាននិយាយថា ការប្រយុទ្ធនៅជិតព្រំដែនបានគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕