ក្រុមមន្រ្តីនគរបាលកុងហ្គោ រាប់រយនាក់ នាំគ្នាច្រៀង និងទះដៃរបស់ពួកគេនៅក្នុងទីក្រុងកាន់ Bukavu កាលពីថ្ងៃសៅរ៍ អំឡុងពិធីចាប់ផ្តើមការបណ្តុះបណ្តាលរបស់ពួកគេឡើងវិញក្រោមអាជ្ញាធររបស់ក្រុមឧទ្ទាម M23គាំទ្រដោយប្រទេសរ៉្វាន់ដា ។
ព្រឹត្តការណ៍នេះ បានកើតមានឡើង រយៈពេល ១សប្តាហ៍ ក្រោយក្រុមឧទ្ទាម M23 រុលចូលទៅដល់ទីក្រុងធំបំផុតទី ២មួយនេះ ស្ថិតនៅភាគខាងកើតសាធារណរដ្ឋប្រជាមានិតកុងហ្គោ ដែលរងការរង្គោះរង្គើរដោយសារករណីចោរកម្ម និងភាពរំជើបរំជួល ពេលដែលកងកម្លាំងកុងហ្គោ ដកទ័ពចេញដោយគ្មានការប្រយុទ្ធគ្នារួចមកនោះ ។
ការដណ្តើមបានតំបន់ជាច្រើននៅភាគខាងកើតកុងហ្គោ និងតំបន់សម្បូររ៉ែដ៏មានតម្លៃបានធ្វើឲ្យកើតមានក្តីបារម្ភពីសង្រ្គាមទ្រង់ទ្រាយធំជាងនេះ ហើយនិងនាំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ទាមទារឲ្យពួកគេបញ្ឈប់សង្រ្គាម និងដកកងទ័ពចេញ ។
នៅក្នុងទីក្រុង Bukavu គ្មានសញ្ញាធ្វើតាមការអំពាវនាវរបស់ UNនោះឡើយ ពេលដែលក្រុមនគរបាលចុះចូលជាមួយក្រុមឧទ្ទាម បានស្លៀកពាក់ឯកសណ្ឋានថ្មី ។
លោក Lawrence Kanyuka គឺជាអ្នកនាំពាក្យរបស់ក្រុមសម្ព័ន្ធមិត្តឧទ្ទាម AFC ដែលរួមបញ្ចូលទាំងក្រុមឧទ្ទាម M23 បាននិយាយថា មន្រ្តីនគរបាលប្រហែល ១.៨០០នាក់ បានចុះចូល ដើម្បីទទួលបានការហ្វឹកហ្វឺនឡើងវិញ ក្នុងនោះមន្រ្តីនគរបាល ៥០០នាក់បន្ថែមទៀត នឹងចុះចូលដូចគ្នា ៕
Leave a Reply