លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ ២៦កុម្ភៈសប្ដាហ៍នេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយឆ្លើយតបទៅនឹងសំណួរមួយថា តើសហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យប្រទេសចិនគ្រប់គ្រងកោះតៃវ៉ាន់ដោយកម្លាំងដែរឬទេ។
លោក Trump បាននិយាយនៅឯសេតវិមានថា លោកមិនដែលធ្វើអត្ថាធិប្បាយលើរឿងនេះទេ។លោក មិនដែលចង់ដាក់ខ្លួនឯងចូលទៅក្នុងបណ្ដុំបញ្ហានោះទេ។
លោក Trump បាននិយាយបែបនេះក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានអំពីថា តើវាជាគោលនយោបាយរបស់លោកដែលថាប្រទេសចិននឹងមិនក្រសោបយកកោះតៃវ៉ាន់ដោយបង្ខំក្នុងពេលកំពុងកាន់តំណែងជាប្រធានាធិបតី ឬយ៉ាងណា។
លោកបាននិយាយថា រូបលោកមានបំណងចង់មានទំនាក់ទំនងល្អជាមួយប្រទេសចិន រួមទាំងការវិនិយោគឆ្លងព្រំដែន ទោះបីជាលោកបានដំឡើងពន្ធលើទំនិញពីប្រទេសចិនក៏ដោយ។
ទីក្រុងប៉េកាំងពុំដែលបោះបង់ចោលការប្រើកម្លាំងដើម្បីនាំយកកោះតៃវ៉ាន់ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ កោះតៃវ៉ាន់ តែងតែជំទាស់យ៉ាងខ្លាំងចំពោះការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ចិន។
ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយសារព័ត៌មាន Fox News រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បាននិយាយថា រដ្ឋាភិបាលមានជំហរយូរអង្វែងលើកោះតៃវ៉ាន់ ដែលខ្លួននឹងមិនបោះបង់ចោលឡើយ ពោលគឺប្រឆាំងនឹងការផ្លាស់ប្តូរដោយបង្ខំ ឬបង្ខិតបង្ខំណាមួយនៅក្នុងឋានៈរបស់កោះតៃវ៉ាន់ ៕
Leave a Reply