បណ្ដារដ្ឋអារ៉ាប់ អនុម័តផែនការថ្មីជំនួសឱ្យគម្រោង “ឆ្នេរលំហែហ្កាហ្សា” របស់លោក Trump
ក្រុមមេដឹកនាំអារ៉ាប់ បានអនុម័តផែនការកសាងឡើងវិញថ្មីរបស់អេហ្ស៊ីប សម្រាប់តំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ (០៤ មីនា) ដែលនឹងត្រូវចំណាយអស់ ៥៣ពាន់លានដុល្លារ និងបញ្ចៀសការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ៊ុមព័ទ្ធនេះ ដែលផ្ទុយទៅនឹងចក្ខុវិស័យ “តំបន់ឆ្នេរលំហែមជ្ឈិមបូព៌ា” របស់លោកប្រធានាធិបតីអាមេរិក Donald Trump។
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយថា សំណើដែលត្រូវបានស្វាគមន៍នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដោយក្រុមហាម៉ាស ប៉ុន្តែត្រូវបានរិះគន់ដោយអ៊ីស្រាអែលនេះ ត្រូវបានមេដឹកនាំអារ៉ាប់ទទួលយកនៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុងគែរ។
លោក Sisi បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលនេះថា លោកប្រាកដណាស់ថា លោក Trump នឹងអាចទទួលបានសន្តិភាពនៅក្នុងជម្លោះដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សាស្ទ្រីប។
សំណួរសំខាន់ៗដែលត្រូវឆ្លើយពីអនាគតរបស់ហ្កាហ្សាគឺថា តើអ្នកណានឹងគ្រប់គ្រងតំបន់នេះ ហើយប្រទេសណាខ្លះនឹងផ្តល់ប្រាក់រាប់ពាន់លានដុល្លារដែលត្រូវការសម្រាប់ការកសាងឡើងវិញ។
លោក Sisi និយាយថា អេហ្ស៊ីបបានធ្វើការក្នុងកិច្ចសហប្រតិបត្តិការនេះជាមួយប៉ាឡេស្ទីន លើការបង្កើតគណៈកម្មាធិការរដ្ឋបាលនៃអ្នកបច្ចេកទេសប៉ាឡេស្ទីនឯករាជ្យ និងវិជ្ជាជីវៈ ដែលទទួលអភិបាលកិច្ចនៃតំបន់ហ្កាហ្សា បន្ទាប់ពីបញ្ចប់សង្រ្គាម។ លោកបន្ថែមថា គណៈកម្មាធិការនោះនឹងទទួលខុសត្រូវចំពោះការត្រួតពិនិត្យជំនួយមនុស្សធម៌ និងគ្រប់គ្រងកិច្ចការរបស់ហ្កាហ្សាក្នុងពេលបណ្តោះអាសន្ន ដើម្បីរៀបចំសម្រាប់ការវិលត្រឡប់របស់អាជ្ញាធរប៉ាឡេស្ទីន (PA)៕

Leave a Reply