បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា នឹងបន្តតំឡើងពន្ធ លើទំនិញនាំចូល ពីប្រទេសកាណាដា និង ម៉ិកស៊ិក ដែលសុទ្ធតែជាប្រទេសក្បែរខាង រហូតដល់ទីបំផុត បើទោះបីជា មានការព្រមានថា សេដ្ឋកិច្ចអាមេរិកប្រឈមជួបនឹងវិបត្តិ បើនៅតែបន្តធ្វើរឿងនេះ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃចន្ទនេះ
លោក Trump បាននិយាយថា ពន្ធលើទំនិញមួយចំនួន ពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលបានគ្រោងទុក នៅថ្ងៃទី ២ ខែមេសា អាចនឹងកើនឡើងថែមទៀត ហើយបានច្រានចោលការព្យាករណ៍ដែលថា សហរដ្ឋអាមេរិកនឹងមានវិបត្តិសេដ្ឋកិច្ច នៅឆ្នាំ២០២៥នេះ ព្រោះវិធានការតំឡើងពន្ធ។ លោកបានប្រាប់និយាយបែបនេះ តាមរយៈបទសម្ភាសន៍ ដែលចាក់ផ្សាយ លើទូរទស្សន៍ Fox News ។
កាលពីខែកុម្ភៈ លោក Trump បានប្រកាសដំឡើងពន្ធ ២៥% លើប្រទេសជិតខាង របស់សហរដ្ឋអាមេរិក ទាំងពីរនេះ។ ប៉ុន្តែ ក្រោយមក ប្រកាសថា ពន្យារពេលមួយខែ ដល់ដើមខែមេសាវិញ តែលោកអះអាងថា ការពន្យានេះ គ្រាន់តែដកឃ្លាពេលបន្តិច។ ជាក់ស្តែង កាលពីសប្តាហ៍មុន លោក Trump ថែមទាំងបានគំរាមយកពន្ធថ្មី លើឈើ និងផលិតផលទឹកដោះគោ របស់ប្រទេសកាណាដា ថែមទៀត ដោយទំនិញខ្លះ អាចមានដល់ ២៥០% ពោលគឺក្រោយពេលកាណាដា ប្រកាសដាក់ចេញវិធានការសងសឹក៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
Leave a Reply