ក្រុម​បាតុ​ករ​កូរ៉េខាង​ត្បូង​ កើន​ឡើង ​ខណៈ​តុលាកា​រ​លុប​ចោល​ដីកា​ចា​ប់​ខ្លួន​ លោក ​Yoon

ក្រុមបាតុករកូរ៉េខាងត្បូង កើនឡើង ខណៈតុលាការលុបចោលដីកាចាប់ខ្លួន លោក Yoon
ក្រុមបាតុករ ទាំងគាំទ្រនិងប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានមកប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល និងក្រុង Uiwang កាលពីថ្ងៃសុក្រ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ដើម្បីលុបចោលដីកាចាប់ខ្លួន លោក Yoon។ សេចក្តីសម្រេចរបស់តុលាការ អាចត្រួសត្រាយផ្លូវសម្រាប់ការដោះលែងលោកពីពន្ធនាគារ ជាកន្លែងដែលលោកប្រឈមនឹងការកាត់ទោសលើការចោទប្រកាន់ពីបទបះបោរជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី។
អ្នកគាំទ្ររបស់ លោក Yoon បានប្រមូលផ្តុំនៅជិតលំនៅឋានរបស់លោក Yoon ក្នុងទីក្រុងសេអ៊ូល និងនៅមណ្ឌលឃុំឃាំងក្នុងក្រុង Uiwang ជាកន្លែងដែល លោក Yoon ត្រូវបានឃុំខ្លួន។ បាតុករប្រឆាំង លោក Yoon រាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នា ដើម្បីតវ៉ាទៅនឹងសេចក្តីសម្រេចរបស់តុលាការ។
តុលាការតំបន់ភាគកណ្តាលទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចេញសេចក្តីសម្រេចរបស់ខ្លួន គឺផ្អែកលើពេលវេលានៃការចោទប្រកាន់ដែលបានធ្វើឡើង បន្ទាប់ពីរយៈពេលនៃការឃុំខ្លួនដំបូង បានផុតកំណត់។
សេចក្តីសម្រេចនេះ មិនបានច្រានចោលការចោទប្រកាន់បទព្រហ្មទណ្ឌដែលនាំទៅដល់ការចាប់ខ្លួនលោក Yoon កាលពីថ្ងៃទី១៥ ខែមករា នោះទេ ហើយសំណុំរឿងនេះគឺដាច់ដោយឡែកពីការចោទប្រកាន់ទម្លាក់តំណែងរបស់លោក ដែលនៅតែព្យួរនៅចំពោះមុខតុលាការធម្មនុញ្ញ។