[UPDATE] នាយករដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានក្រុមហាម៉ាសថា ការវាយប្រហារលើហ្កាហ្សាសម្លាប់មនុស្សជាង៤០០នាក់ គ្រាន់តែជាការចាប់ផ្តើមទេ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃអង្គារ១៨មីនា ថា ការវាយប្រហារទាំងយប់ដ៏ធំយ៉ាងសន្ធាប់នៅលើតំបន់ហ្កាហ្សាគឺ “គ្រាន់តែជាការចាប់ផ្តើមទេ” ហើយថាការចរចានាពេលអនាគតជាមួយក្រុមហាម៉ាស “នឹងប្រព្រឹត្តទៅក្រោមភ្នួកភ្លើងសង្គ្រាម” ។

យោងតាមក្រសួងសុខាភិបាលនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា ការវាយប្រហារដ៏ធំបំផុតចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានក្នុងខែមករាដើមឆ្នាំនេះ បានសម្លាប់មនុស្សជាង ៤០០ នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយកាលពីល្ងាចថ្ងៃអង្គារថា ក្រុមហាម៉ាសបានដឹងពីភាពរឹងមាំនៃអាវុធរបស់យើងរួចហើយក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ។ ហើយលោកបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” ។

ការចរចាបានជាប់គាំងអំពីរបៀបបន្តបទឈប់បាញ់ដែលដំណាក់កាលដំបូងបានផុតកំណត់ ដោយអ៊ីស្រាអែល និងក្រុមហាម៉ាស ពុំយល់ស្របលើថាតើត្រូវឆ្ពោះទៅដំណាក់កាលថ្មី ដែលមានបំណងនាំសង្រ្គាមទៅរកទីបញ្ចប់ដោយរបៀបណានោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា “ចាប់ពីពេលនេះតទៅ ការចរចានឹងប្រព្រឹត្តទៅក្រោមការបាញ់ប្រហារប៉ុណ្ណោះ” មុនពេលបន្ថែមថា “សម្ពាធយោធាគឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត៕