ចំនួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃជាច្រើនកន្លែង បានកើនឡើងដល់២៤នាក់ ខណៈដែលភ្លើងឆេះព្រៃនៅតែរាលដាលក្នុងតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង។
ក្រុមអាជ្ញាធរបាននិយាយថា ជនរងគ្រោះភាគច្រើនមានអាយុ ៦០ឆ្នាំ និង ៧០ឆ្នាំ ។ មនុស្ស ២៦នាក់បានរងរបួស ក្នុងនោះ ១២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មនុស្សជាង ២៣,០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
ប្រធានាធិបតីស្តីទីលោក Han Duck-soo បាននិយាយថា វិបត្តិមិនធ្លាប់មានកំពុងត្រូវបានកត់ត្រាឡើងវិញសម្រាប់ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសរបស់យើង។
អណ្ដាតភ្លើងបានឆាបឆេះប្រាសាទមានអាយុកាល១.៣០០ឆ្នាំ នៅក្នុងទីក្រុង Uiseong ជាកន្លែងដែលវត្ថុបុរាណវប្បធម៌ជាច្រើនត្រូវបានដកចេញ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព។
ភ្លើងបានចាប់ផ្តើមឆាបឆេះនៅក្នុងស្រុក Sancheong កាលពីថ្ងៃសុក្រ ហើយក្រោយមកបានរាលដាលដល់ស្រុក Uiseong ។ ដោយមានការរុញបន្ថែមពីកម្លាំងខ្យល់បក់ខ្លាំង និងស្ងួត ចំហេះព្រៃបានរាលដាលដល់ស្រុកជិតខាងដូចជាស្រុក Gyeongbuk, Uiseong, Andong, Cheongsong, Yeongyang និងស្រុក Sancheong។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិ បានបង្កើនវិបត្តិនេះដល់កម្រិតឆ្លើយតបអគ្គិភ័យខ្ពស់បំផុត។កាលពីថ្ងៃពុធសប្ដាហ៍នេះ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿងបានធ្លាក់នៅភ្នំ Uiseong ដោយបានសម្លាប់អ្នកបើកយន្តហោះម្នាក់។ មន្ត្រីជំនាញកំពុងស៊ើបអង្កេតរកមូលហេតុ។
កងកម្លាំងអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ និងបុគ្គលិកយោធាប្រហែល៥.០០០នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អណ្តាតភ្លើង ក៏ដូចជាឧទ្ធម្ភាគចក្រជាច្រើនគ្រឿងពីយោធាអាមេរិកដែលឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង៕
Leave a Reply