រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធ (២៦ មីនា) ថា សហរដ្ឋអាមេរិក នឹងវាយតម្លៃការទាមទារដែលធ្វើឡើងដោយប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូ បានយល់ព្រម “ជាគោលការណ៍” ចំពោះបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ជាមួយអ៊ុយក្រែន នៅក្នុងសមុទ្រខ្មៅ ដើម្បីអនុញ្ញាតឱ្យមានការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព។
គួរបញ្ជាក់ថា អាមេរិក បានប្រកាសកិច្ចព្រមព្រៀងសមុទ្រខ្មៅដាច់ដោយឡែកជាមួយអ៊ុយក្រែន និងរុស្ស៊ីកាលពីថ្ងៃអង្គារសប្ដាហហ៍នេះ បន្ទាប់ពីកិច្ចចរចានៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ បញ្ឈប់ការវាយប្រហារ និងទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្មសម្រាប់គោលបំណងយោធា។
លោក Rubio បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសហ្សាម៉ាអ៊ីកថា “បន្ទាប់ពីកិច្ចប្រជុំអារ៉ាប៊ីសាអ៊ូឌីត ភាគីរុស្ស៊ី បានរៀបរាប់លម្អិតពីលក្ខខណ្ឌមួយចំនួនដែលពួកគេចង់ឱ្យសម្រេចបាន ដើម្បីអនុវត្តបទឈប់បាញ់ ហើយអាមេរិកនឹងវាយតម្លៃលើការចង់បានទាំងនោះ”។
ការទាមទាររបស់រុស្ស៊ី ត្រូវបានគេដឹងយ៉ាងច្បាស់។ លក្ខខណ្ឌដែលបានរាយក្នុងសេចក្តីថ្លែងការណ៍ដោយវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ – រួមទាំងការដកការរឹតបន្តឹង និងការដាក់ទណ្ឌកម្មលើធនាគារកសិកម្មធំមួយ ក្រុមហ៊ុននាំចេញអាហារ និងជី និងលើនាវារុស្ស៊ី – ភាគច្រើនឆ្លុះបញ្ចាំងពីការទាមទារដែលធ្វើឡើងដោយទីក្រុងមូស្គូ កាលពី ២ឆ្នាំមុន ក្នុងអំឡុងកិច្ចចរចាដើម្បីបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដែលបានព្រមព្រៀងគ្នាជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ២០២២៕
Leave a Reply