មន្រ្តីជំនិតលោក Zelenskiy៖ អ៊ុយក្រែន មិនទាន់ត្រៀមខ្លួនសម្របសម្រួលជាមួយរុស្ស៊ីទេ

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន មួយរូបបាននិយាយកាលពីថ្ងៃអង្គារ (០២ កក្កដា) ថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយរុស្ស៊ី និងបោះបង់ចោលទឹកដីណាមួយដើម្បីបញ្ចប់សង្គ្រាមនោះទេ នៅពេលត្រូវសាកសួរអំពីការអះអាងរបស់បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលថាលោកអាចបញ្ចប់ជម្លោះបានយ៉ាងឆាប់រហ័ស។

ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក អាន់ឌ្រី យើម៉ាក (Andriy Yermak) បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងគីវ នឹងស្តាប់ដំបូន្មានណាមួយអំពីរបៀបដើម្បីសម្រេចបាន «សន្តិភាព» នៅក្នុងសង្រ្គាម ប៉ុន្តែយើងមិនទាន់បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅរកការសម្របសម្រួលសម្រាប់រឿងសំខាន់ៗ និងគុណតម្លៃ ឯករាជ្យ សេរីភាព លទ្ធិប្រជាធិបតេយ្យ បូរណភាពទឹកដី អធិបតេយ្យភាពរបស់អ៊ុយក្រែនឡើយ»។

លោក ត្រាំ ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋប្រជែងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បាននិយាយក្នុងអំឡុងពេលជជែកដេញដោលរវាងអ្នកទាំងពីរកាលពីសប្តាហ៍មុនថា ប្រសិនបើលោកជាប់ឆ្នោតឡើងវិញក្នុងខែវិច្ឆិកា លោកនឹងដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន យ៉ាងឆាប់រហ័សមុនពេលចូលកាន់តំណែងក្នុងខែមករា។

លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីមធ្យោបាយដែលលោកនឹងធ្វើនោះទេ ប៉ុន្តែសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា ទីប្រឹក្សាសំខាន់ៗពីររូបរបស់លោក ត្រាំ បានបង្ហាញលោកនូវផែនការដែលពាក់ព័ន្ធនឹងការគំរាមកាត់ផ្ដាច់ជំនួយអាមេរិក ប្រសិនបើទីក្រុងគីវ មិនចូលរួមការចរចាជាមួយទីក្រុងមូស្គូ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *