ការស្ទង់មតិ៖ ប្រជាជនអាមេរិក ៧៣% ខ្លាចថា តម្លៃទំនិញនឹងឡើងកប់ពពក ដោយសារពន្ធលោក Trump

ការស្ទង់មតិថ្មីរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានរកឃើញថា ជនជាតិអាមេរិកភាគច្រើនជាង ៧០% កំពុងភ័យខ្លាចពីតម្លៃឡើងខ្ពស់កប់ពពកលើទំនិញប្រើប្រាស់ជាច្រើនមុខ បន្ទាប់ពីវិធានការរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដាក់ពន្ធថ្មីៗលើទំនិញនាំចូលពីទូទាំងពិភពលោកភាគច្រើន។

ការស្ទង់មតិបីថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នោះ បានរកឃើញថា តួលេខ ៧៣% នៃអ្នកឆ្លើយតប បាននិយាយថា ពួកគេគិតថាតម្លៃទំនិញនានាក្នុងរយៈពេល ៦ខែខាងមុខ នឹងកើនឡើងខ្លាំងសម្រាប់ទំនិញដែលពួកគេទិញជារៀងរាល់ថ្ងៃ បន្ទាប់ពីពន្ធថ្មីលើការនាំចូលស្ទើរតែទាំងអស់ពីគ្រប់ប្រទេស ចូលជាធរមាន។

មានអ្នកឆ្លើយតបតែ ៤% ប៉ុណ្ណោះគិតថាតម្លៃនឹងធ្លាក់ចុះ ហើយអ្នកនៅសេសសល់រំពឹងថា មិនមានការផ្លាស់ប្តូរអ្វីសោះ ឬមិនឆ្លើយសំណួរ។ ការប្រកាសរបស់លោក Trump កាលពីសប្តាហ៍មុននៃការដំឡើងពន្ធបដិការ និងពន្ធផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ដ៏ធំបំផុតក្នុងពេលជាច្រើនទសវត្សរ៍ បានអង្រួនផ្សារហ៊ុន Wall Street ខណៈសេដ្ឋវិទូជាច្រើនបានព្យាករថា ពន្ធទាំងនោះនឹងជំរុញឱ្យតម្លៃឡើងខ្ពស់ ហើយអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។

លោក Trump ជារឿយៗបានលើកឡើងពីទស្សនៈដែលថា ប្រទេសផ្សេងទៀតកំពុងកេងប្រយោជន៍ពីអាមេរិកជុំវិញពាណិជ្ជកម្មអន្តរជាតិ ដែលជាហេតុផលមួយក្នុងការបង្កើតរបាំងពាណិជ្ជកម្មថ្មីនេះ ដោយអះអាងថា ពន្ធនឹងនាំទៅរកការរីកចម្រើនក្នុងវិស័យផលិតកម្មអាមេរិក ប៉ុន្តែតួលេខ ៤៤% នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេមិនយល់ស្របនឹងទស្សនៈនេះឡើយ៕