ការស្ទង់មតិ៖ លោក Biden ទទួលបានសំឡេងគាំទ្រស្មើគ្នាជាមួយនឹងលោក Trump

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទាញយកសំឡេងគាំទ្រស្មើគ្នាជាមួយនឹងគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងសប្តាហ៍នេះក្នុងការប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលជាសញ្ញាមួយបង្ហាញថា ការប្រកួតប្រជែងនៅតែប្រកៀកប្រកិត ទោះជាបន្ទាប់ពីលោក Biden ធ្វើមិនបានល្អក្នុងជជែកដេញដោលក៏ដោយ នេះបើយោងតាមការស្ទង់មតិថ្មីរបស់ រ៉យទ័រ (Reuters) និងអ៊ីបសូស (Ipsos)។

លោក Biden និងលោក Trump មានការគាំទ្រ ៤០ ភាគរយស្មើគ្នាក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ (០២ កក្កដា)។ ការស្ទង់មតិរបស់ Reuters/Ipsos លើកមុន ដែលបានធ្វើឡើងនៅថ្ងៃទី១១-១២ ខែមិថុនា បានបង្ហាញថា លោក Trump ទទួលបានពិន្ទុនាំមុខ ២ ភាគរយលើសលោក Biden គឺ ៤១ភាគរយទល់នឹង ៣៩ ភាគរយ។

ការស្ទង់មតិថ្មីនេះបង្ហាញថា បន្ទាប់ពីការជជែកដេញដោល សមាជិកបក្សប្រជាធិបតេយ្យម្នាក់ក្នុងចំណោមបីនាក់ គិតថាលោក Biden គួរតែបោះបង់ការប្រកួត ដោយនោះជាអ្វីដែលលោកបេ្ដជ្ញាថានឹងមិនធ្វើ។ មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ដែលបានចុះឈ្មោះបោះឆ្នោតបាននិយាយថា ពួកគេមិនប្រាកដថាត្រូវបោះឆ្នោតឱ្យអ្នកណាទេ ហើយថាពួកគេនឹងជ្រើសរើសបេក្ខជនផ្សេងក្រៅពីអ្នកទាំងពីរនោះ ឬថាពួកគេនឹងមិនបោះឆ្នោតទាល់តែសោះ។

ខណៈពេលដែលការស្ទង់មតិទូទាំងប្រទេសផ្តល់សញ្ញាសំខាន់ៗអំពីការគាំទ្ររបស់ពលរដ្ឋអាមេរិកសម្រាប់បេក្ខជននយោបាយ បណ្ដារដ្ឋប្រកួតប្រជែងមួយចំនួនតូចគឺជាតួអង្គសំខាន់នៅក្នុងមហាវិទ្យាល័យបោះឆ្នោតអាមេរិក ដែលជាអ្នកសម្រេចចុងក្រោយថាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតី៕