នាយករដ្ឋមន្រ្តី ណែនាំទៅក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំការឧបត្ថម្ភ ដល់ស្រ្តីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គប្បីរៀបចំធ្វើការឧបត្ថម្ភ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត ដល់ស្រ្តីមានផ្ទៃពោះ ដែលនឹងកំពុងជាប់ពន្ធនាគារ ខណៈយើងត្រូវគិតគូរទារកក្នុងផ្ទៃ ដែលមិនជាប់ពាក់ព័ន្ធនឹងម្តាយគេជាពិរុទ្ធជននោះ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់​អគារ​អន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងភាគីពាក់ព័ន្ធ​ដទៃទៀត គប្បីជួបប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំអត្ថប្រយោជន៍ផ្សេងៗ​ដល់ស្រ្តីជាពិរុទ្ធជន ដែលកំពុងមានផ្ទៃពោះ ដើម្បីឲ្យពួកគាត់​ធ្វើយ៉ាងណា​ទទួល​បាន​ការ​ឧបត្ថម្ភ​តាមរយៈប្រព័ន្ធគំពារ​សង្គម ​ដូចស្ត្រីជាកម្មការិនី និងស្រ្តីដទៃទៀត​ដែលមានផ្ទៃពោះដែរនោះ។

សម្តេចធិបតី ​ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា​ ការដែលសម្តេច​ឲ្យមានការ​រៀបចំ​ផ្តល់​ការ​ឧបត្ថម្ភ ដល់​ស្រ្តីមានផ្ទៃពោះ ​ដែលកំពុង​ជាប់ឃុំឃាំងនេះ ​គឺធ្វើឡើង​ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ផ្ទៃដែល​មិនដឹងរឿង ​និង​ជាប់ពាក់ព័ន្ធ ​នឹងរឿងម្តាយ​របស់ពួកគេ​ដែល​ជាពិរុទ្ធជននោះ។ មួយវិញទៀត​គម្រោង​នេះ គឺធ្វើឡើង​ដើម្បី​ជា​សកម្មភាពមនុស្សធម៌តែប៉ុណ្ណោះ ​៕អត្ថបទបាន ចក់