អ៊ុយក្រែន និងអាមេរិក បង្កើតវឌ្ឍភាពលើកិច្ចពិភាក្សារ៉ែ ខណៈកិច្ចព្រមព្រៀងអាចសម្រេចបានឆាប់ៗ

ឧបនាយករដ្ឋមន្ត្រីទីមួយរបស់អ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយកាលពីថ្ងៃពុធ (១៦ មេសា) ថា អ៊ុយក្រែន និងអាមេរិក បានបង្កើត “វឌ្ឍនភាពច្រើន” ក្នុងកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងរ៉ែ ហើយនឹងចុះហត្ថលេខាលើអនុស្សរណៈមួយនាពេលខាងមុខដ៏ឆាប់នេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងរកកិច្ចព្រមព្រៀងរ៉ែទ្វេភាគី ដែលជាផ្នែកមួយនៃការជំរុញរបស់លោកដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ខណៈលោកក៏យល់ឃើញថា នេះជាមធ្យោបាយមួយដើម្បីយកប្រាក់រាប់ពាន់លានដុល្លារដែលអាមេរិកចំណាយលើជំនួយយោធាអ៊ុយក្រែនមកវិញ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់ជំនួយយោធាពីមុនរបស់អាមេរិក ថាជាប្រាក់កម្ចីនោះទេ។

លោកស្រី Svyrydenko បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ក្រុមបច្ចេកទេសអ៊ុយក្រែន បានធ្វើការយ៉ាងហ្មត់ចត់រួមគ្នាលើកិច្ចព្រមព្រៀង ហើយមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខណៈបុគ្គលិកផ្នែកច្បាប់ទីក្រុងគីវ បានកែសម្រួលធាតុមួយចំនួនក្នុងសេចក្តីព្រាង”។ លោកស្រីបន្ថែមថា ការងារលើកិច្ចព្រមព្រៀងនឹងបន្ត ហើយភាគីទាំងពីរបានយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈមួយក្នុងពេលដ៏ខ្លីខាងមុខ ដែលជាដំណាក់កាលដំបូងដើម្បីកត់ត្រាដំណើការ។

សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនត្រូវបានគេដឹងទេ។ កាលពីខែមុន រដ្ឋបាលលោក Trump បានស្នើកិច្ចព្រមព្រៀងរ៉ែថ្មីមួយ ដែលមិនផ្តល់ឱ្យអ៊ុយក្រែននូវការធានាសុវត្ថិភាពនាពេលអនាគតឡើយ ប៉ុន្តែតម្រូវឱ្យមានមូលនិធិវិនិយោគរួមគ្នាមួយសម្រាប់ដាក់ប្រាក់ចំណូលទាំងអស់ពីធនធានធម្មជាតិនោះ ដែលរកបានដោយសហគ្រាសរដ្ឋ និងឯកជននៅទូទាំងទឹកដីអ៊ុយក្រែន៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *