Trumpថា មិនបារម្ភពីជម្លោះឥណ្ឌានិងប៉ាគីស្ថាន

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានទម្លាក់ចោលក្តីបារម្ភ ជុំវិញភាពតានតឹង កាន់តែខ្លាំងឡើង រវាងឥណ្ឌា និងប៉ាគីស្ថាន ដោយនិយាយថា ជម្លោះរវាងប្រទេសជិតខាង ប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ នឹងអាចដោះស្រាយបាន តាមមធ្យោបាយណាមួយ។

លោក Trump ត្រូវបានគេសួរ ជុំវិញរឿងនេះ នៅលើយន្តហោះ Air Force One អំពីការដួលរលំទំនាក់ទំនង រវាងឥណ្ឌា និងប៉ាគីស្ថាន ខណៈដែលការធ្លាក់ចុះកាន់តែជ្រៅ លេចចេញពីការវាយប្រហារដ៏សាហាវ ទៅលើជនស៊ីវិលដោយខ្មាន់កាំភ្លើង នៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។

លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «មានភាពតានតឹង នៅព្រំដែននោះ អស់រយៈពេល ១,៥០០ឆ្នាំមកហើយ ដូច្នេះ ពួកគេនឹងយល់ឃើញដំណោះស្រាយ តាមវិធីណាមួយ ឬ ផ្សេងទៀត»។

កាស្មៀរត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យ នៅឆ្នាំ១៩៤៧ ដោយប្រទេសទាំងពីរ ទាមទារទឹកដីទាំងស្រុង ប៉ុន្តែ គ្រប់គ្រងផ្នែក ដាច់ដោយឡែកពីគ្នា។

ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរ នៅតំបន់កាស្មៀរ ចាប់តាំងពីឆ្នាំ១៩៨៩ ដោយទាមទារឯករាជ្យ ឬ ការរួមបញ្ចូលគ្នា ជាមួយប៉ាគីស្ថាន។ ភាពតានតឹងបានផ្ទុះឡើង តាំងពីថ្ងៃអង្គារ នៅពេលដែលអ្នកទេសចរ ២៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងក្រុង Pahalgam នៃតំបន់កាស្មៀរ៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *