ទ័ពមួកខៀវកម្ពុជាគាំទ្រការបញ្ជូនសមាជិកខ្លួនបំពេញបេសកម្មថែរក្សាសន្តិភាព​ក្រោមឆត្រ UN

នៅថ្ងៃទី៥ ខែកក្កដានេះ នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​​សន្តិភាព បានអញ្ជើញទទួលដំណើរ និងជូនដំណើរទ័ពមួកខៀវកម្ពុជាប្តូរវេន២៤៤នាក់ បំពេញ​បេសកកម្ម​ថែ​រក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅសាធារណរដ្ឋអាហ្វឹ្រកកណ្តាល។ ក្នុង​ឱកាស​នេះ បណ្តាគ្រួសារទ័ពមួក បានទឹកចិត្តគាំទ្រខ្ពស់ការបញ្ជូនសមាជិក និងសាច់ញ្ញាតិ​ខ្លួន​បន្ត​បំពេញ​បេសកកម្មថែរក្សាសន្តិភាពសហប្រជាជាតិ។

បណ្តាអាណាព្យាបាល ភរិយា កូន សមាជិកគ្រួសារទ័ពខៀវកម្ពុជា បានបង្ហាញមោទកភាព និង​មាន​ការ​គាំទ្រ​ខ្ពស់ ចំពោះ ស្វាមី ភរិយា និងបងប្អូន សាច់ញ្ញាតិ ធ្វើការងារជាកងកម្លាំងមួកខៀវ ស្វែង​រក​សុខសន្តិភាពអង្គការសហប្រជាជាតិUN ជូនបណ្តាប្រទេសកំពុងមានជម្លោះ សង្គ្រាម​ដោះ​ស្រាយ​មិន​ទាន់ចប់ បើទោះណាបំពេញបេសកកម្មនេះ មានការប្រឈមហានីភ័យ និងការនឹក​រលឹក​អាលោះ​អាល័យគ្នាខ្លាំងយ៉ាងណាក៏ដោយ។

បើតាម លោកវរៈសេនីយឯក ស៊ឹម ធារ៉ា មេបញ្ជាការកងវិស្វកម្មពហុជំនាញលេខ៤២៣ ថ្លែងថា នៅថ្ងៃ​នេះ យើងបានដឹកនាំកងកម្លាំងមួកខៀវកម្ពុជា ២៤៤នាក់ មកដល់មាតុ​ប្រទេស​ប្រកប​ដោយ​​សុវត្ថិភាព ក្រោយពីបានបញ្ចប់​ការងារ​ការបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅ​អាហ្វ្រឹក​​កណ្តាលដោយជោគជ័យ។

លោកបន្តថា ជារួមស្ថានភាពជម្លោះសង្គ្រាមស៊ីវិល នៅក្នុងសាធារណរដ្ឋអាហ្រឹ្វកកណ្តាល មក​ដល់​ពេល​នេះ មិនទាន់មានភាពធូរសា្រលនោះទេ ហើយនៅមានការងារជាច្រើនទៀត ដែលកងម្លាំង​ទ័ព​ខៀវ​របស់UN ត្រូវធ្វើបន្ត ដើម្បីជួយដល់ប្រជាជនភៀសខ្លួន ជួយជនរងគ្រោះ ក៏ដូចធ្វើការ​សម្រប​សម្រួល​ការបញ្ចប់សង្គ្រាមជាដើម។

នាយឧត្តមសេនីយ សែម សុវណ្ណនី ថ្លែងអបសាទរកងកម្លាំងមួកខៀវកម្ពុជា ដែលបាន​បញ្ចប់​បេសកកម្ម​ថែ​រក្សាសន្តិភាពUNនៅសាធារណៈអាហ្វ្រឹកកណ្តាល និងបានធ្វើមាតុភូមិ​និវត្ត​ដោយ​ភាព​ជោគជ័យ និងណែនាំទ័ពមួកខៀវប្តូរវេន២៤៤នាក់ ដែលចេញដំណើរ​ទៅ​អាហ្វឹ្រក​កណ្តាល​នៅ​ពេល​នេះ គឺត្រូវគោរពអនុសាសន៍ថ្នាក់ដឹកនាំ និងខិតខំថែរក្សាគ្រឿងចក្រ សម្ភារៈប្រើប្រាស់ ទ្រព្យសម្បតិ្តនានា របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងតំបន់បេសកកម្មនោះ ឲ្យល្អប្រសើរ និងធានា​បាន​ការ​ប្រើប្រាស់ឲ្យបានយូរអង្វែង៕ អត្ថបទ ស៊ុម សុខជា