កូរ៉េខាងត្បូងសន្យាគាំទ្រកម្ពុជាក្នុងវិស័យឌីជីថល

ប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកត្រួសត្រាយផ្លូវផ្នែកវិស័យឌីជីថលក្នុងតំបន់អាស៊ីបូព៌ាបានប្តេជ្ញាគាំទ្រកម្ពុជាក្នុងការលើកកម្ពស់វិស័យឌីជីថល បន្ថែមទៀត។

នេះបានលើកឡើងក្នុងឱកាសដែលលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Hwang Myoungsuk អគ្គនាយកនៃអគ្គនាយកដ្ឋាននវានុវត្តន៍រដ្ឋាភិបាលនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃសុក្រ។

ភាគីកូរ៉េបានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងនីតិវិធីច្បាប់ និងតុលាការ ការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការផ្តល់សេវាសាធារណៈ។

ភាគីកូរ៉េក៏បានសង្កត់ធ្ងន់លើការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលរវាងប្រជាជាតិទាំងពីរ រួមជាមួយនឹងគំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យាអប់រំ។

លោក Hwang Myoungsuk បានបន្តថា “កូរ៉េខាងត្បូងនឹងបន្តគាំទ្រដល់កម្ពុជាក្នុងដំណើរការឌីជីថលភាវូបនីយកម្មលើវិស័យផ្សេងៗ រួមទាំងការបង្កើតគោលនយោបាយ ការអភិវឌ្ឍន៍ផ្នែកច្បាប់ និងការកសាងសមត្ថភាពរួមសម្រាប់ស្ថាប័នរដ្ឋាភិបាល រួមជាមួយនឹងការកៀរគរធនធាន”។

លោក សុខ ពុទ្ធិវុធ បានជម្រាបជូនអំពីកិច្ចការអាទិភាពនិងសមិទ្ធផលធំៗដែលក្រសួងសម្រេចបានកន្លងមក ដែលថែមទាំងត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងបានពង្រីកវិសាលភាពទៅបណ្ដាប្រទេសដៃគូក្នុងតំបន់អាស៊ាន។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានកែលម្អឥតឈប់ឈរនូវយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថលរបស់ខ្លូនដើម្បីកំណត់យ៉ាងសកម្មនូវតម្រូវការរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីជំងឺ Covid-19 រដ្ឋាភិបាលកូរ៉េបានសម្របសម្រួលផែនការនវានុវត្តន៍ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថលដែលមានភាពធន់ និងឆ្លើយតបកាន់តែច្រើន។

ក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ គឺជាអ្នកដឹកនាំក្នុងតំបន់លើការផ្លាស់ប្តូរវិស័យឌីជីថលក្នុងប្រទេស និងសហការជាមួយបណ្តាប្រទេសដៃគូរបស់ខ្លួន ដើម្បីកសាងសង្គមឌីជីថលឱ្យកាន់តែប្រសើរឡើងសម្រាប់ទូទាំងពិភពលោក។

ក្រសួងនេះមានតួនាទីសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថលដ៏ជោគជ័យរបស់ប្រទេស ជាពិសេសនៅក្នុងផ្នែកអភិបាលកិច្ចអេឡិចត្រូនិក ដោយផ្តោតលើការពង្រីកសេវាកម្មរដ្ឋាភិបាល ការរៀបចំដំណើរការរដ្ឋាភិបាលឡើងវិញ ការផ្តល់សេវា និងការប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាព។ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបានធ្វើឱ្យអ្នកប្រើប្រាស់មានការពេញចិត្ត និងពង្រឹងប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិកដ៏រឹងមាំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

មជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យគោលនយោបាយ និងការកសាងសមត្ថភាព។

មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា។

មជ្ឈមណ្ឌលនេះបម្រើជាទីតាំងសម្រាប់គាំទ្រគម្រោងកិច្ចសហប្រតិបត្តិការឌីជីថលកម្ពុជា-កូរ៉េ ផ្តល់ការណែនាំអំពីគោលនយោបាយ និងការកសាងសមត្ថភាព ជាពិសេសសម្រាប់ការចែករំលែកបទពិសោធន៍របស់រដ្ឋាភិបាលឌីជីថលកូរ៉េ តាមរយៈការរៀបចំព្រឹត្តិការណ៍នានា វេទិការដ្ឋាភិបាលឌីជីថល និងសិក្ខាសាលា ជាដើម។

ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ គំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្ររដ្ឋាភិបាលឆ្លាតវៃដោយផ្អែកលើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល។

ផ្នែកមួយនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥ ប្រព័ន្ធអេកូឡូស៊ីដែលបង្កើតឡើងដោយគម្រោងនេះមានគោលបំណងធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងបង្កើតបរិយាកាសអំណោយផលដែលនឹងជំរុញសេដ្ឋកិច្ចឌីជីថល និងបរិយាបន្នសង្គម។

លើសពីនេះ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២២-២០៣៥ កំណត់វិស័យឌីជីថលថាជាគំរូថ្មីនៃកំណើនសេដ្ឋកិច្ច មានភាពធន់ទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ។ ឌីជីថលភាវូបនីយកម្មក៏ជាយុទ្ធសាស្ត្រសំខាន់មួយនៅក្រោមយុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនការសេដ្ឋកិច្ចសង្គមរយៈពេលវែងដែលស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

ស្របតាមគំនិតផ្តួចផ្តើមឌីជីថលនីយកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវទស្សនវិស័យក្រោមប្រធានបទ “ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់ការទទួលយកវិស័យឌីជីថល និងការវិវត្តលើគ្រប់វិស័យនៃសង្គម រដ្ឋ ប្រជាជន និងសហគមន៍ធុរកិច្ច”។

ខណៈដែលប្រទេសសមាជិកអាស៊ានផ្សេងទៀតមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យឌីជីថល ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលថ្មីៗនេះរបស់កម្ពុជាបានអនុញ្ញាតឱ្យប្រទេសមានការបោះជំហ៊ានយ៉ាងលឿនលើការវិវត្តន៍បច្ចេកវិទ្យា។ តាមរយៈការទទួលយកនវានុវត្តន៍ និងដំណោះស្រាយឌីជីថលប្រកបដោយជោគជ័យ កម្ពុជាបានធ្វើឌីជីថលនីយកម្មយ៉ាងឆាប់រហ័សដូចជានៅក្នុងផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិក និងអភិបាលកិច្ចអេឡិចត្រូនិក។