មន្ត្រីរដ្ឋាភិបាលពីររូបបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនៅថ្ងៃអាទិត្យ (០៤ ឧសភា) ដើម្បីពិភាក្សាអំពីការពង្រីកប្រតិបត្តិការវាយលុកនៅតំបន់ហ្កាហ្សា និងការបន្តផ្តល់ជំនួយដល់ដែនដីហ៊ុមព័ទ្ធនេះ។
នៅក្នុងសារវីដេអូ ដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអាទិត្យ ប៉ុន្មានម៉ោងបន្ទាប់ពីផ្នែកមួយនៃមីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយកងជីវពលហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ បានធ្លាក់នៅជិតច្រកទ្វារសំខាន់របស់អាកាសយានដ្ឋានអ៊ីស្រាអែល លោក Netanyahu បាននិយាយថា លោកកំពុងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ដើម្បីពិភាក្សាអំពី “ដំណាក់កាលបន្ទាប់” នៃសង្គ្រាមនៅហ្កាហ្សា។
មេដឹកនាំយោធាក្នុងប្រតិបត្តិការសឹកហ្កាហ្សា របស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា គេមិនច្បាស់ឡើយថា តើរដ្ឋមន្ត្រីនឹងផ្តល់ការយល់ព្រមចុងក្រោយនៅក្នុងកិច្ចប្រជុំនោះឬទេ ប៉ុន្តែយោធាបានចាប់ផ្តើមចេញការកោះហៅកងកម្លាំងបម្រុងរាប់ម៉ឺននាក់រួចហើយ ដោយសម្លឹងមើលការពង្រីកយុទ្ធនាការហ្កាហ្សា។
ជាមួយគ្នានេះ អ៊ីស្រាអែលបានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដែលទាមទារឱ្យដកការទប់ស្កាត់ជំនួយ ដែលខ្លួនដាក់កាលពីខែមីនា បន្ទាប់ពីការដួលរលំបទឈប់បាញ់។ រដ្ឋមន្ត្រីនានារបស់អ៊ីស្រាអែល បានការពារការបិទផ្លូវជំនួយនោះ ដោយនិយាយថា ក្រុមហាម៉ាស បានរឹបអូសយកគ្រឿងផ្គត់ផ្គង់របស់ជនស៊ីវិល ហើយរក្សាទុកសម្រាប់ពួកយុទ្ធជនរបស់ខ្លួន ឬលក់ស្បៀងអាហារទាំងនោះ នៅក្នុងការចោទប្រកាន់ដែលក្រុមហាម៉ាសបានបដិសេធ៕
Leave a Reply