លោក Zelenskiy ថាបទឈប់បាញ់អាចទៅរួចគ្រប់ពេល ខណៈអំពាវនាវឱ្យបង្កើនសម្ពាធលើរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ថា បទឈប់បាញ់ជាមួយរុស្ស៊ី នៅក្នុងសង្គ្រាមអាយុកាលជាង ៣ឆ្នាំ គឺអាចធ្វើទៅបានគ្រប់ពេលទាំងអស់ ហើយអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ អនុវត្តសម្ពាធកាន់តែខ្លាំងឡើងលើទីក្រុងមូស្គូ ដើម្បីឱ្យវិធានការនេះអាចកើតឡើង។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងប្រាក ជាមួយលោកប្រធានាធិបតីឆេក Petr Pavel លោក Zelenskiy បានលើឡើងថា លុះត្រាតែមានសម្ពាធកើនឡើង បើមិនដូច្នេះទេមេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin នឹងមិនចាត់វិធានការពិតប្រាកដដើម្បីបញ្ចប់ជម្លោះឡើយ។

លោកបន្ត “អ៊ុយក្រែនជឿថា បទឈប់បាញ់អាចធ្វើទៅបានគ្រប់ពេលទាំងអស់ សូម្បីតែចាប់ផ្តើមពីថ្ងៃនេះក៏អាចទៅរួចដែរ ហើយគួរតែមានរយៈពេលយ៉ាងហោច ៣០ថ្ងៃដើម្បីផ្តល់ឱកាសឱ្យផ្លូវការទូតពិតប្រាកដ”។

លោក Putin កាលពីសប្តាហ៍មុន បានប្រកាសបទឈប់បាញ់ ៣ថ្ងៃនៅថ្ងៃទី ៨-១០ ខែឧសភា ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួន លើពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។

លោក Zelenskiy និយាយថា វិធានការបែបនេះគ្មានន័យអ្វីទេ ហើយអំពាវនាវឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌក្នុងរយៈពេលយ៉ាងហោចណាស់ ៣០ថ្ងៃជំនួសវិញ ស្របតាមសំណើរបស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមនៅក្នុងខែមីនា៕