សម្តេចធិបតី៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុត ក្នុងពិភពលោក

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់វេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុតនៅក្នុងពិភពលោក ដែលវិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគជាមួយនឹងកម្មសិទ្ធបរទេស ១០០ ភាគរយ នៅក្នុងវិស័យភាគច្រើនដោយមិនមាន​លក្ខខណ្ឌ​តម្រូវឱ្យចូលរួមពីវិនិយោគិនក្នុងស្រុក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ​បានបញ្ជាក់ថា ​រាជរដ្ឋាភិបាលកម្ពុជា តែងតែ​ប្រកាន់ភ្ជាប់នូវ​អភិក្រម​គាំទ្រធុរកិច្ច ​ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន​នូវគ្រប់ដំណាក់កាល​នៃ​ប្រតិបត្តិការ​អាជីវកម្ម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន​នឹងកំពុងអនុវត្តនូវគោលនយោបាយ​យុទ្ធសាស្រ្ដ​គ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ច និងការធ្វើការវិនិយោគយ៉ាងច្រើនលើហេដ្ឋា​រចនាសម្ព័ន្ធគន្លឹះ ​លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ ​ការងារសមរម្យ កិច្ចគាំពារសង្គម ឌីជីថលូបណីយកម្ម ​និងចីរភាពបរិស្ថានសម្រាប់វិស័យឯកជនផងដែរ។

សូមជម្រាបថា រាជជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ​នៃរដ្ឋសភា បាននិងកំពុងបន្តនូវការទាក់ទាញ​វិនិយោគិនបរទេសនិយាយជារួម ​និងវិនិយោគិនបារាំង ​និយាយដោយឡែក។ តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំង​ថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ចនិងសង្គម រ​វាងប្រទេសកម្ពុជា​ និងបារាំងតាមរយៈការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដោយមានការសម្របសម្រួលប្រកបដោយអត្ថន័យរវាងក្រុមហ៊ុន​បារាំង​ទាំងក្នុងតំបន់ និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជាជាមួយសមភាគីកម្ពុជា។ បន្ថែមពីនេះទំនាក់ទំនងដ៏រឹងមាំ ​និងយូរអង្វែងរវាងប្រជាជាតិទាំងពីរ ហើយក្នុងអំឡុងពេលនោះ​សភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ដ៏សំខាន់មួយ​ជាមួយសម្ព័ន្ធអង្គការនិយោជកបារាំង (APF) ​ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និង​ភាពជាដៃគូរវាងសហគ្រិននៅក្នុងសហគមន៍​សេដ្ឋកិច្ចនិយាយភាសាបារាំងផងដែរ៕

អត្ថបទ៖ វ៉ន ដារ៉ា