ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអាមេរិកសញ្ជាតិដើមអ៊ីស្រាអែល តែអ៊ីស្រាអែលថា គ្មានបទឈប់បាញ់

ក្រុមហាម៉ាសនិយាយថា ខ្លួនបានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកសញ្ជាតិដើមអ៊ីស្រាអែល ស្របពេលការប្រយុទ្ធគ្នាបានផ្អាកនៅហ្កាហ្សាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប៉ុន្តែពុំមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ឬដោះលែងចំណាប់ខ្មាំងនោះទេ ខណៈក្រុមអ្នកឃ្លាំមើលភាពអត់ឃ្លានជាសកលបានព្រមានពីទុរ្ភិក្សនៅក្នុងដែនដីរងការឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែលមួយនេះ។

កាតា និងអេហ្ស៊ីបបាននិយាយថា ការដោះលែងលោក Alexander គឺជាជំហានលើកទឹកចិត្តមួយឆ្ពោះទៅរកការចរចាបទឈប់បាញ់ថ្មី។

ការប្រយុទ្ធគ្នាបានបញ្ឈប់នៅពេលថ្ងៃត្រង់ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងផ្អាកប្រតិបត្តិការរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ការដោះលែងចំណាប់ខ្មាំង។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដោះលែង ចំណាប់ខ្មាំង Alexander ជនជាតិអាមេរិក ចុងក្រោយដែលខ្លួនឃុំ ហើយប្រភពមួយដឹងបញ្ហានេះនិយាយថា ចំណាប់ថ្នូរនោះ ត្រូវបានប្រគល់ទៅឱ្យកាកបាទក្រហម និងទៅដល់ដៃក្រុមគ្រួសារហើយ។

ក្រុមហាម៉ាសបាននិយាយថា ខ្លួនកំពុងដោះលែងលោក Alexander ជាកាយវិការសុច្ឆន្ទៈមួយទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ដែលបំពេញទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។ ទោះយ៉ាងណាក៏ដោយ លោក Netanyahu និយាយថា នឹងមិនមានបទឈប់បាញ់ទេ ហើយថា ផែនការបង្កើនសកម្មភាពយោធាក្នុងតំបន់ហ្កាហ្សា នៅតែបន្ត។

លោក Trump បានសរសេរជាអក្សរធំលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃចន្ទថា Edan Alexander ចំណាប់ខ្មាំងជនជាតិអាមេរិកដែលគិតថាបានស្លាប់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស។ ការដោះលែងនេះ បន្ទាប់ពីកិច្ចចរចា៤ភាគីរវាងក្រុមហាម៉ាស សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា អាចបើកផ្លូវឱ្យដោះលែងចំណាប់ខ្មាំងចំនួន៥៩នាក់សេសសល់នៅហ្កាហ្សាស្ទ្រីប៕