លោកTrump៖ អាមេរិកជិតឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ប៉ុន្តែគម្លាតសំខាន់ៗនៅតែមាន

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន ជិតឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរដ៏រ៉ាំរ៉ៃ ទោះមានឧបសគ្គការទូតនៅតែបន្តកើតមានក៏ដោយ។

លោក Trump បាននិយាយក្នុងប្រទេសកាតា អំឡុងពេលជើងទីពីរនៃដំណើរទេស្សនកិច្ចនៅបណ្ដារដ្ឋឈូងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មុនទៅកាន់អារ៉ាប់រួមថា ពួកលោកកំពុងស្ថិតក្នុងការចរចាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ីរ៉ង់សម្រាប់សន្តិភាពរយៈពេលវែង ។

លោកបាននិយាយថា ពួកលោកនឹងមិនបង្កើតកម្ទេចកម្ទីនុយក្លេអ៊ែរនៅអ៊ីរ៉ង់ទេ។ លោកគិតថាពួកលោកជិតឈានដល់កិច្ចព្រមព្រៀងដោយមិនចាំបាច់ធ្វើរឿងនេះទេ។

លោក Trump បាននិយាយថារូបលោកកំពុងផ្អែកលើសុទិដ្ឋិនិយមរបស់លោកលើសេចក្តីថ្លែងការណ៍ថ្មីរបស់អ៊ីរ៉ង់។

ប្រធានាធិបតីរូបនេះ ពុំបានបញ្ជាក់ថាសុន្ទរកថាណាមួយដែលលោកចង់សំដៅនោះទេ ប៉ុន្តែទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei គឺលោក Ali Shamkhani បាននិយាយក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកក្នុងសប្តាហ៍នេះថា ទីក្រុងតេអេរ៉ង់មានឆន្ទៈទទួលយកការទប់ស្កាត់យ៉ាងទូលំទូលាយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោក Trump បានបន្ថែមកាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់ឱ្យអ៊ីរ៉ង់ ទទួលបានជោគជ័យ និងក្លាយជាប្រទេសដ៏អស្ចារ្យមួយ ប៉ុន្តែពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ នោះជារឿងតែមួយគត់ ហើយពិតជាសាមញ្ញណាស់៕