[UPDATE] អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ

ការិយាល័យរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ១៨ ឧសភា ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាតដែលបានរាលដាលដល់ឆ្អឹងរបស់លោក។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Biden វ័យ៨២ ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញកាលពីថ្ងៃសុក្រ បន្ទាប់ពីឆ្លងកាត់ការបង្ហាញរោគសញ្ញាតាមទឹកម៉ូត ហើយរូបលោក និងក្រុមគ្រួសាររបស់លោកកំពុងពិនិត្យមើលជម្រើសនៃការព្យាបាលជាមួយក្រុមវេជ្ជបណ្ឌិត។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺអាមេរិក ក្នុងចំណោមករណីជំងឺមហារីកក្រពេញប្រូស្តាតចំនួន២៣៦.៦៥៩ ករណី ដែលត្រូវបានធ្វើរោគវិនិច្ឆ័យកាលពីឆ្នាំ ២០២១ មាន៧០ ភាគរយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមុនពេលមហារីកបានរីករាលដាលហួសពីក្រពេញប្រូស្តាត។ ប្រហែល ៨ ភាគរយនៃការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកក្រពេញប្រូស្តាតថ្មីនៅឆ្នាំនោះជាប់ទាក់ទងនឹងជំងឺដំណាក់កាលចុងក្រោយ។

លោកប្រធានាធិបតី Trump ដែលតែងតែរិះគន់លោក Biden ចាប់តាំងពីឡើងកាន់តំណែងក្នុងខែមករាដើមឆ្នាំនេះ បានបង្ហាញក្ដីអាណិតអាសូរចំពោះលោក Biden និងភរិយារបស់លោក ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Socialរបស់លោក៕