វិមានក្រឹមឡាំងបានអះអាងថា លោក Donald Trump កំពុងបង្ហាញសញ្ញានៃអារម្មណ៍ឆេវឆាវហួសហេតុ បន្ទាប់ពីលោកបានហៅលោក Vladimir Putin ថា ជាមនុស្សផ្ដេសផ្ដាសខ្លាំងបំផុត ក្រោយការវាយលុកពីលើអាកាសដ៏ធំបំផុតរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយនៅលើបណ្ដាញសង្គមTruth Social កាលពីថ្ងៃអាទិត្យថា មានអ្វីមួយបានកើតឡើងចំពោះលោក Putin បន្ទាប់ពីរុស្ស៊ីបានសម្លាប់មនុស្ស១៣ នាក់នៅអ៊ុយក្រែនដោយយានដ្រូន និងមីស៊ីល ចំនួន ៣៦៧គ្រឿងនិងដើម។លោក Trump បាននិយាយថាមេដឹកនាំរុស្ស៊ីរូបនេះ ផ្ដេសផ្ដាសខ្លាំងណាស់ ។ លោកបានសម្លាប់មនុស្សជាច្រើនដោយមិនចាំបាច់។
លោក Dmitry Peskov អ្នកនាំពាក្យរបស់លោក Putin បាននិយាយថា ការអត្ថាធិប្បាយនេះបានភ្ជាប់ទៅនឹងបន្ទុកផ្លូវអារម្មណ៍របស់អ្នករាល់គ្នាដែលពាក់ព័ន្ធ។
ទន្ទឹមនឹងនោះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានលុបចោលដែនកំណត់ទាំងអស់លើអាវុធដែលបានផ្គត់ផ្គង់ស្របពេលមានរបាយការណ៍ថា លោកនឹងផ្តល់មីស៊ីល Taurus ឲ្យទៅទីក្រុង Kyiv ។
ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសក្នុងពេលដំណាលគ្នាដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
នៅចន្លោះល្ងាចថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ រុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូន៣៥៥ គ្រឿងទៅលើអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស១០នាក់ ។ កងកម្លាំងអាកាសអ៊ុយក្រែនបាននិយាយថា នោះគឺជាការវាយប្រហារដ៏ធំបំផុតដែលធ្វើឡើងដោយយានដ្រូនតែមួយមុខប៉ុណ្ណោះ៕
Leave a Reply