បុរសម្នាក់ត្រូវបានចាប់ខ្លួនសង្ស័យពីបទប៉ុនប៉ងមនុស្សឃាតក្រោយបើករថយន្តបំបុកក្បួនដង្ហែក្រុមបាល់ទាត់ Liverpool របស់អង់គ្លេស

បុរសជនជាតិអង់គ្លេសស្បែកសវ័យ៥៣ឆ្នាំម្នាក់មកពីតំបន់ Liverpool ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងមនុស្សឃាត ដោយការបើកបរប្រកបដោយគ្រោះថ្នាក់ និងក្នុងស្ថានភាពមិនសមរម្យ ដោយសារគ្រឿងញៀន បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកហ្វូងក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ Liverpool អំឡុងក្បួនដង្ហែពាន លីគកំពូល (Premier League) បណ្តាលឲ្យមនុស្សជាង៥០នាក់រងរបួស។

នគរបាលបាននិយាយថា ជនរងគ្រោះចំនួន១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធម្មតាកាលពីថ្ងៃអង្គារ ២៧ ឧសភា ដោយបន្ថែមថា ពួកគេទាំងអស់ហាក់ដូចជាបានជាសះស្បើយឡើងវិញហើយ។

នគរបាលអង់គ្លេសជឿថា ឧបទ្ទវហេតុនៅកណ្តាលទីក្រុង Liverpool ដែលប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ គឺមិនមែនជាអំពើភេរវកម្មទេ។

ពួកគេបាននិយាយថា អ្នកបើកបររថយន្តម៉ាក Ford Galaxy ពណ៌ប្រផេះ ដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ត្រូវបានគេជឿថា បានតាមរថយន្តសង្គ្រោះបន្ទាន់ ចូលទៅក្នុងផ្លូវដែលត្រូវបានបិទនៅពេល របាំងផ្លូវត្រូវបានលើក ដើម្បីអនុញ្ញាតឱ្យក្រុមគ្រូពេទ្យជួយដល់ជនរងគ្រោះ ដែលសង្ស័យថាគាំងបេះដូង។

ពេលរថយន្តឈប់ ប្រជាពលរដ្ឋខឹងសម្បាក៏នាំគ្នាវាយបំបែកកញ្ចក់រថយន្ត ខណៈសមត្ថកិច្ចបានព្យាយាមទប់ស្កាត់មិនឲ្យចូលទៅជិតអ្នកបើកបរនោះ។

ក្រុមអាជ្ញាធរពុំបានស៊ើបអង្កេតឧបទ្ទវហេតុនេះជាព្រឹត្តិការណ៍ជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មទេ ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *