សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ (២៧ ឧសភា) បានអនុម័តជាផ្លូវការនូវការបង្កើតមូលនិធិសព្វាវុធរបស់ប្លុកអឺរ៉ុប មានតម្លៃ ១៥០ពាន់លានអឺរ៉ូ (១៧០,៧ ពាន់លានដុល្លារអាមេរិក) ដែលជំរុញដោយការភ័យខ្លាចនៃការវាយប្រហារណាមួយរបស់រុស្ស៊ីនៅក្នុងប៉ុន្មានឆ្នាំខាងមុខ និងការសង្ស័យពីការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក ចំពោះទ្វីប។
ការអនុម័តដោយរដ្ឋមន្ត្រីមកពីបណ្តាប្រទេសសហភាពអឺរ៉ុបក្នុងជំនួបនៅទីក្រុងប្រ៊ុចសែលនេះ គឺជាជំហានផ្លូវច្បាប់ចុងក្រោយបំផុតក្នុងការបង្កើតគម្រោងសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប ហៅកាត់ថា SAFE ដោយប្រើប្រាស់ឥណទានរួមរបស់សហភាពអឺរ៉ុប ដើម្បីផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេសអឺរ៉ុប សម្រាប់គម្រោងការពារជាតិរួមគ្នា។
អ្នកការទូតនិយាយថា វិធានការនេះត្រូវបានគាំទ្រដោយប្រទេសចំនួន២៦ ក្នុងចំណោមសមាជិកទាំង២៧ របស់សហភាពអឺរ៉ុប ដោយប្រទេសហុងគ្រី បានអនុប្បវាទ។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់ប្លុកអឺរ៉ុប បានស្នើមូលនិធិនោះកាលពីខែមីនា ខណៈការភ័យខ្លាចបានកើនឡើងខ្លាំងក្នុងចំណោមមេដឹកនាំអឺរ៉ុប ដែលពួកគេមិនអាចប្រាកដចិត្តបានទៀតឡើយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងការពារពួកគេពីការវាយប្រហារ។
លើសពីនេះ ដោយបារម្ភពីប្រតិបត្តិការយោធារុស្ស៊ី ក្នុងឆ្នាំ២០២២ លើអ៊ុយក្រែន និងការភ័យខ្លាចថាពួកគេអាចជាគោលដៅបន្ទាប់របស់ទីក្រុងមូស្គូ បណ្ដាប្រទេសសហភាពអឺរ៉ុប បានបង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាង ៣០% រួចហើយក្នុង ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែមេដឹកនាំសហភាពអឺរ៉ុបនិយាយថានោះនៅតែមិនគ្រប់គ្រាន់ទេ៕
Leave a Reply