[UPDATE] អ៊ីស្រាអែលទទួលយកសំណើបទឈប់បាញ់ចុងក្រោយនៅហ្កាហ្សា ស្នើដោយអាមេរិក ហើយបានបញ្ជូនទៅក្រុមហាម៉ាសរួចរាល់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានទទួលយកសំណើរបស់លោក Steve Witkoff បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះដូរអ្នកទោស។ បច្ចុប្បន្នមានចំណាប់ខ្មាំងចំនួន ៥៨ នាក់នៅក្នុងតំបន់ហ្កាហ្សា។

ការប្រកាសនេះកើតឡើងបន្ទាប់ពីបេសកជនមជ្ឈិមបូព៌ាលោក Witkoff បាននិយាយកាលពីដើមសប្តាហ៍នេះថារូបលោកមានសុទិដ្ឋិនិយមអំពីការធ្វើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមមានអាយុកាលជាង១៩ ខែនៅដែនដីហ្កាហ្សា។

សេតវិមាននិយាយថា លោកប្រធានាធិបតីDonald Trump និងប្រេសិតពិសេសលោក Steve Witkoff បានប្រគល់សំណើនេះទៅកាន់ក្រុមហាម៉ាស រួចហើយ បន្ទាប់ពីអ៊ីស្រាអែលបានចុះហត្ថលេខា។

លោក Netanyahu ត្រូវបានគេរាយការណ៍ថា បានបានលើកឡើងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយក្រុមគ្រួសារចំណាប់ខ្មាំង ដែលក្រុមហាម៉ាសចាប់ខ្លួន ។យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី និងដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា អ៊ីស្រាអែលបានទទួលយកផែនការថ្មីរបស់លោក Witkoff ហើយ។ក្រុមហាម៉ាស ក៏បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ខ្លួនបានទទួលសំណើបទឈប់បាញ់ថ្មីពីក្រុមអ្នកសម្របសម្រួល ហើយកំពុងសិក្សាផែនការនោះ។

ក្រុមហាម៉ាសនិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយបេសកជនពិសេសអាមេរិកលោក Steve Witkoff លើ “ក្របខ័ណ្ឌទូទៅ” សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។ក្រុមហាម៉ាស និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្របខ័ណ្ឌដែលខ្លួនបានអនុម័តនឹងធានាបាននូវ “បទឈប់បាញ់ជាអចិន្ត្រៃយ៍” ការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា លំហូរនៃជំនួយមនុស្សធម៌ និងគណៈកម្មាធិការអ្នកបច្ចេកទេសប៉ាឡេស្ទីនឯករាជ្យដែលសន្មត់ថាគ្រប់គ្រងលើដែនដីនេះ ជំនួសឱ្យក្រុមហាម៉ាស នៅពេលកិច្ចព្រមព្រៀងត្រូវបានប្រកាស។

អំឡុងបទឈប់បាញ់៦០ថ្ងៃ នឹងមើលឃើញក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ចំនួន ១០នាក់ រួមជាមួយនឹងសាកសពចំណាប់ខ្មាំងត្រូវបានសម្លាប់ជាច្រើននាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន១.១០០នាក់៕