ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន។

សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន តាមស្មារតីនៃសេចក្តី​សម្រេចចិត្ត ដែលបានអនុម័ត កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយនិងជួយសម្រួល​សកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅ​រកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកនៅគ្រប់កម្រិត ដែលត្រូវ​ការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែង​បន្ថែមទៀត។

នៅក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូថ្នាក់ដឹកនាំកម្ពុជា នឹងអញ្ជើញថ្លែង​សន្ទរកថា តំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយ​បញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្ត​សកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។

ឯកឧត្តមនឹងទទួលជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយ​បណ្តាមេដឹកនាំ នៃប្រទេសជាមិត្តមួយចំនួន ដៃគូអភិវឌ្ឍន៍ និង​តំណាង​វិស័យឯកជនផងដែរ ដើម្បីពង្រឹងនិងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ លើការងារគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាពផងដែរ៕